រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី១៤ តុលា នេះ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ សូមមេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ក្រោយពីទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្ពស់ជាងកម្រិតដែលត្រូវប្រុងប្រយ័ត្នហើយនោះ។
សូមជំរាបថា ក្រោយទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្គយរ ខេត្តកណ្តាលក៏ទទួលឥទ្ធិពលជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឹ តាមស្ទឹងព្រែកត្នោត ដែលធ្លាក់មកដល់ចំណចសំណង់ទំនប់ ៧មករា (កំពង់ទួល) ដែលមកដល់ពេលនេះ ទឹកមានកម្រិតកម្ពស់ ៩,២០ម៉ែត្រ លើសកម្ពស់កម្រិតឲ្យប្រុងប្រយ័ត្ន ដែលមានត្រឹម ៧ម៉ែត្រ បណ្តាលឲ្យទំនប់សណ្តរស្ទឹងទាំងសងខាងក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានីភ្នំពេញមានកម្រិតកម្ពស់ទឹកហូរពីលើខ្នងទំនប់សណ្តរ បណ្តាលឲ្យមានផលប៉ះពាល់ដល់ភូមិសាស្រ្តខេត្តកណ្តាល រួមមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឺង និងក្រុងតាខ្មៅ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកណ្តាលក៏បានស្នើដល់រដ្ឋបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរៀបចំផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំងក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាព ដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្តាល ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ និងការបង្ការការពារឆ្លងជំងឺនានា ក៏ដូចជាជំងឺកូវីដ១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕