យោងតាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines មនុស្សម្នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines លេខ SQ321 ធ្វើដំណើរពីទីក្រុងឡុងដ៍ទៅកាន់ប្រទេសសិង្ហបុរីបានជួបប្រទះនឹងភាពចលាចលធ្ងន់ធ្ងរនៅលើអាកាស។
សេចក្តីថ្លែងការណ៍ Singapore Airlines បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ថា «យើងអាចបញ្ជាក់បានថាមានអ្នករងរបួស និងស្លាប់ម្នាក់នៅលើយន្តហោះ Boeing 777-300ER ។ មានអ្នកដំណើរសរុបចំនួន ២១១ នាក់ និងនាវិក ១៨ នាក់នៅលើយន្តហោះ។ Singapore Airlines សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារនៃសព»។
យោងតាមសារព័ត៌មានថៃ Khaosod English បានឱ្យដឹងថាយន្តហោះខាងលើ បានស្នើសុំការអនុញ្ញាតឱ្យចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិក្នុងទីក្រុងបាងកក ហើយបានចុះចតភ្លាមៗនៅម៉ោង ៣:៤៥ នាទី។
ទិន្នន័យពី Flightradar24 បានបង្ហាញថា យន្តហោះនេះកំពុងតែហោះធម្មតាប៉ុន្តែស្រាប់តែធ្លាក់ចុះពីកម្ពស់ ១១គីឡូម៉ែត្រមកនៅត្រឹមជាង ៩គីឡូម៉ែត្រពីដីភ្លាម កម្លាំងក្រឡុកខ្លាំងពេក បានធ្វើឱ្យអ្នកដំណើរជាច្រើនខ្ទាតទៅបុកក្បាលនឹងពិដានយន្តហោះ ជាហេតុធ្វើឱ្យមានរបួសធ្ងន់ និងស្រាលជាច្រើនសិបនាក់។ ទូរអាហារ កាបូបវ៉ាលីឥវ៉ាន់ ប៊ើងរាយប៉ាយពេញផ្ទៃយន្តហោះ។ ម៉ាសអ៊ុកស៊ីហ្សែន បានបើកធ្លាក់ពីប្រអប់មកយ៉ាងរណេងរណោង។ ហេតុការណ៍បានជំរុញឱ្យយន្តហោះចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន ជិតបំផុតគឺសុវណ្ណភូមិក្រុងបាងកក៕