សង្គម

ជំនាញពាក់ព័ន្ធចុះទៅបិទ,ក្រោយពីសារព័ត៌មានផ្សព្វ ផ្សាយរឿងរណ្តៅដីថៅកែ ទឹម គឹមសាន្តអត់មានច្បាប់, ថៅកែកំពុងរត់រកកិច្ចអន្តរាគមន៍

ខេត្តកំពង់ស្ពឺ÷ ក្រោយសារព័ត៌មានផ្សព្វផ្សាយរឿងរណ្តៅដីរបស់ថៅកែ ទឹម គឹមសាន្ត ដែលបានយកគ្រឿងចក្រទៅជីកកាយដីនៅក្នុងអូរក្រាំងអំបិល ដើម្បីយកអាចម៍ដីទៅលក់ឱ្យក្រុមហ៊ុនសាងសង់រោងចក្រ ហើយបានជ្រាបទៅដល់អាជ្ញាធរនិងជំនាញពាក់ព័ន្ធ ក៏ចុះទៅបិទអាជីវកម្មថៅកែ ទឹម គឹមសាន្តបណ្តោះអាសន្ន។ ពេលនេះថៅកែ រណ្តៅដី លោកទឹម គឹមសាន្ត កំពុងតែស្វះស្វែងរកកិច្ចអន្តរាគមន៍ទៅជួបនឹងមន្ត្រីជំនាញ ដើម្បីសូកលុយកាក់ពេលស្ងប់ ស្ងាត់ បានជីកកាយបន្តទៀត។

បើតាមការបង្ហើបពីមន្ត្រីម្នាក់ថា ក្រោយពីសារព័ត៌មានជាច្រើនអង្គភាព បានផ្សព្វផ្សាយរឿងរណ្តៅដីអត់មានច្បាប់ទម្លាប់ឃុបឃិតគ្នាជាប្រពន្ធ័ ហើយធ្វើឱ្យបាត់បង់ចំណូលរបស់រដ្ឋនោះ កំពុងតែជីកកាយយកអាចម៍ដីនៅក្នុងអូរក្រាំងអំបិល យកលេសថាជីកស្តារដើម្បីយកទឹកនោះគឺគ្មានច្បាប់ទម្លាប់អនុញ្ញាតឡើយ ក្រុមឈ្មួញ ថៅកែ បានពឹងពាក់អ្នករត់ការដែលមានភាពស្និទ្ធស្នាលជាមួយប្រធានមន្ទីរពាក់ព័ន្ធ និងលោកអភិបាលរងខេត្តដែលទទួលផែនជីកកាយ ដោយយកលេសថា ស្តារអូរក្រាំងអំបិល ដើម្បីយកទឹកស្រាចស្រពស្រូវ,ដំណាំរបស់ប្រជាពលរដ្ឋ តាមការពិតជាលេសរបស់ក្រុមហ៊ុន ថៅកែ ដែលតែងតែរកស៊ីទុច្ចរិតបិទបាំងការពិតតែប៉ុណ្ណោះដោយមិនបានកំណត់ព្រំត្រឹមត្រូវនោះទេ។

ពេលផ្ទុះរឿងជំនាញតែងតែឆ្លើយថា មិនបានដឹង ហើយ ក៏មិនមានវិធានការអ្វីដែរ បណ្តែតបណ្តោយឱ្យក្រុមហ៊ុន និងថៅកែៗនោះធ្វើអ្វីស្រេចតែចិត្ត ក៏ព្រោះតែសាភសក្ការនិងលុយក្រោមតុជាដើម។ មួយវិញទៀតក្រុមឈ្មួញ, ថៅកែអ្នកមានគ្រឿងចក្រតែងតែប្រើគ្រប់វិធីសាស្ត្រកែ ប្រែដីរបស់រដ្ឋដីអូរ,ដីបឹងជាពិសេសដីអូរក្រាំងអំបិលនេះ តែម្តង។ឧទាហរណ៍សុំច្បាប់ជីកកាយទំហំ៥ហិកតាក្រុម ឈ្មួញ ឬថៅកែខិលខូច ជីកកាយតែ២ទៅ៣ហិកតាតែ ប៉ុណ្ណោះ គឺទុកដីទំហំ២ហិកតា ធ្វើប្លងយកធ្វើជាកម្មសិទ្ធិស្ងាត់ៗដោយឃុបឃិតជាមួយជំនាញដែលជាមនុស្សស្និទ្ធស្នាលតែម្តង។

បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ប៉ុន្មានថ្ងៃមុនក្រោយពីផ្ទុះរឿងសារព័ត៌មានបានផ្សព្វផ្សាយរឿងរណ្តៅដីអត់មានច្បាប់អនុញ្ញាតហើយថៅកែ ទឹម គឹមសាន្ត បានធ្វើអាជីវកម្មជីកយកអាចម៍ដីទៅលក់ឱ្យក្រុមហ៊ុនរោងចក្រកំពុងតែធ្វើការសាងសង់ ត្រូវបានអាជ្ញាធរនិងជំនាញដែលជាប់ពាក់ព័ន្ធចុះទៅផ្អាកសកម្មភាព។លោក ថៅកែ ទឹម គឹមសាន្ត បានរត់ទៅណាត់ជួប ស៊ីផឹកនៅក្បែរសណ្ឋាគារមួយម្តុំស្តុបសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ស្ពឺ ចំណាយលុយក្បែរពាន់ដុល្លារដើម្បីកុំឱ្យអស់លោកផ្សព្វផ្សាយព័ត៌មានតទៅទៀតដោយសារខ្លាចមានការខាតបង់លុយកាក់ ដែលថៅកែ ទឹម គឹមសាន្ត បានចុះកុងត្រាជាមួយក្រុមហ៊ុនរោងចក្រ ប្រសិនបើធ្វើមិនបានតាមកិច្ចសន្យានោះទេ ត្រូវសងការខាតបង់ទាំងអស់នោះអស់រាប់សែនដុល្លារឯណ្ណោះ។ កត្តានេះបានធ្វើឱ្យលោកថៅកែ ទឹម គឹមសាន្តខ្វែងដៃខ្វែងជើង រត់ពឹងមនុស្សដែលស្និតស្នាល បិទបាំងព័ត៌មាននិងរត់ជួបជំនាញក្នុងខេត្តកំពង់ស្ពឺ ហើយរំលងក្រសួងជំនាញពាក់ព័ន្ធនោះ។

មជ្ឈដ្ឋានមហាជន សំណូមពរដល់ក្រសួងពាក់ព័ន្ធមានដូចជាក្រសួងធនធានទឹកនិងឧតុនិយម,ក្រសួងរ៉ែនិងថាមពល មេត្តាចាត់ឱ្យមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យរណ្តៅដីក្នុងអូរក្រាំងអំបិល ខាងលិចផ្សារព្រៃផ្តៅ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនោះផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299