(ភ្នំពេញ)៖ បុគ្គលិកប្រមូលសំរាមដែលជាអ្នកបោសសំអាតលើដងផ្លូវ និងអនាម័យខាងអូសរទេះ ចំនួនជាង៣០០នាក់បានយល់ព្រមចូលបម្រើការងារវិញនៅព្រឹកថ្ងៃទី១០ ខែតុលានេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវិទ្យាស្ថានជាតិអប់រំ ជិតវិមានឯករាជ្យ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធាំនីភ្នំពេញ បានថ្លែងថា នៅព្រឹកមិញនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ីនទ្រី ចំនួនជាង៣០០នាក់បានចូលបម្រើការងារវិញហើយ ហើយជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែអំពាវនាវដល់កម្មករដែលនៅសេសសល់ សូមបន្តចូលបម្រើការងារវិញ តាមការបង្គាប់របស់ក្រុមបឹក្សាអាជ្ញាកណ្តាល។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី ថា ក្នុងដំណាក់កាលអន្តរកាលនេះ កម្លាំងអាជ្ញាធរខណ្ឌទាំង១៤ នៅតែបន្តចេញប្រមូលសំរាមក្នុងភូមិសាស្ត្ររៀងៗខ្លួន ដើម្បីកុំឲ្យមានគរពាសពេញដងផ្លូវ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៩ តុលា ម្សិលមិញ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានចេញលិខិតបញ្ជាឲ្យកម្មករនិយោជិតក្រុមហ៊ុន ស៉ីនទ្រី ផ្អាកការធ្វើកូដកម្មជាបន្ទាន់ រហូតដល់នីតិវិធីនៃអាជ្ញាកណ្ដាលត្រូវបញ្ចប់សព្វគ្រប់តាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យកម្មករក្រុមហ៊ុន ស៉ីនទ្រី ត្រូវចូលធ្វើការងារវិញ ចាប់ពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ តាមវេនរៀងៗខ្លួន៕