ខេត្តបន្ទាយមានជ័យ÷ លោកឧត្តមសេនីយត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់មន្ត្រីក្រោមឱវាទ ឱ្យរៀបចំសណ្តាប់ធ្នាប់កុំឱ្យមានភាពរញ៉េរញ៉ៃ។ អ្វីដែលត្រូវរៀបចំមុនគេគឺត្រូវហាមឃាត់ម៉ូតូឌុប និងផាសស្អាប់ (pass app) មិនឱ្យមកចាប់ភ្ញៀវ នៅមុខច្រកអន្តរជាតិទៀតទេ ដើម្បីកុំឱ្យមានការកកស្ទះដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់នៅទីនោះ ។ម៉ូតូឌុបនិងផាសស្អាប់ (pass app) តំរូវឱ្យនៅចាំទទួលភ្ញៀវនៅចំណុចរង្វង់មូល ដើម្បីកុំឱ្យមានការកកស្ទះ និងភាពរញ៉េរញ៉ៃ ។
បទបញ្ជានេះបានធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ,ក៏ដូចជាប្រជាពលរដ្ឋ និងអន្តរជាតិមានការគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែគេសង្កេតឃើញថា ការដាក់បទបញ្ជានេះហាក់បី ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះតែមានការខ្សិបខ្សៀវថា មេៗនៅច្រកអន្តរជាតិប៉ោយប៉ែតប្រមូលលុយដាក់ខែ ចូលហោប៉ៅតាមរយៈលោកឃួន ឬទ្ធិ ពីម៉ូតូឌុប និងម៉ូតូផាសស្អាប់ (pass app) ជាប្រចាំខែ ទើបមិនខ្វាយខ្វល់ពីមុខមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងបទបញ្ជាលោក អុី ចំរើន។ បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះហើយ ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលបញ្ជាមេមិនធំជាងលុយហើយមើលទៅ បានជាមន្រ្តីក្រោមឱវាទមិនអនុវត្តន៍តាមបទបញ្ជាទាល់តែសោះ ។
បើតាមក្រុមម៉ូតូឌុប និងផាសស្អាប់ (pass app)ខ្សិបថា មូលហេតុដែលគាត់អាចចូលមកដឹកភ្ញៀវ នៅក្នុងមុខច្រកនេះបានដោយរលូន គឺតំរូវឱ្យពួកគាត់បង់លុយជា ប្រចាំខែក្នុង១នាក់ឬម៉ូតូ១គ្រឿងត្រូវបង់ចំនួន២៥០០ បាតទៅ៣០០០បាត ក្នុង១ខែៗឬលើសពីនេះ។ នៅក្នុងនោះក៏មានទាំងក្រុមម៉ូតូឌុប (VlP) 5 ទៅ6000 បាត ដែលក្រុមវីអាយភីនេះអាចរត់ដោយសេរី។ ក្រុមអ្នករត់ pass app និងម៉ូតូឌុបប្រាប់ថាលុយនោះបង់ឱ្យលោកវរសេនីយ៍ឯកឃួនឬទ្ធិ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបបានឱ្យម៉ូតូចូលដឹកភ្ញៀវបាន ។
ដោយសារតែហេតុនេះហើយ ទើបបានជាក្រុមអ្នករត់ម៉ូតូនិង pass app ទាំងនោះ មិនខ្លាចញញើតអ្វីទាំង អស់ ដោយសារតែមានការបង់លុយជាប្រចាំខែ ទើបហ៊ានចូលមកចាប់ម៉ូយឬភ្ញៀវ នឹងចតចាំភ្ញៀវនៅមុខច្រកអន្តរជាតិប៉ោយប៉ែតយ៉ាងអាណាធិប្បតេយ្យដោយមិនខ្លាចបទបញ្ជា លោក អុី ចំរើន ទាល់តែសោះ ។ ប្រភពខ្លះបង្ហើបថា សេវាទាំងនោះក៏ត្រូវបានផ្ដល់ជូនលោកឧត្តមសេនីយ៍ត្រីអុី ចំរើន នោះដែរ ទើបពួកអ្នករត់ផាសស្អាប់ និងម៉ូតូឌុបទាំងនោះ អាចរកស៊ីបានយ៉ាងដូច្នេះ។
ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសំណូមពរលោកសុខ វាសនា អគនាយកនៃអគនាយក ដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មេត្តាចុះពិនិត្យនឹងដុសក្អែលមន្រ្តីក្រោមឱវាទផង ព្រោះតែលុយដាក់ខែពីក្រុមម៉ូតូនិង passapp ធ្វើឱ្យមានភាពរញ៉េញ៉ៃអាណាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់ នៅមុខច្រកទ្វារអន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ព្រោះតែមន្ត្រីមួយក្តាប់តូចអស់ទាំងនេះ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299