សង្គម

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ករណីហិង្សាបណ្តាលឲ្យជនរងគ្រោះស្លាប់នៅស្រុកបាទី

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ទៀតរត់គេចដល់ខេត្តកោះកុងហើយ នៅតែត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការណ៍និងសមត្ថកិច្ចខេត្តកោះកុង តាមស្រាយជ្រាវនិងចាប់ឃាត់ខ្លួនបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីទៅលាក់ខ្លួនបានជិតមួយខែ។

តាមដីកាបង្គាប់ឲ្យឃាត់ខ្លួនបញ្ជាក់ថា មានជនសង្ស័យ៤នាក់ត្រូវជាប់សង្ស័យក្នុងករណីហិង្សាមានស្ថានទម្ងន់ទោសព្រោះតែមរណៈភាពនៃជនរងគ្រោះ កើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិក្រាំសសរ ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។ ក្នុងដីកាក៏បានបង្ហាញផងដែរថា ជនសង្ស័យទាំង៤នាក់មាន៖ ទី១ ឈ្មោះ ចឹម សំណាង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២ឈ្មោះ រូ វិចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៣ឈ្មោះ ខ្លី ពេជ្រ ភេទប្រុស អាយុ២០។ ទី៤ឈ្មោះ ខ្លី សំភា ភេទប្រុស អាយុ២៣ ទាំង៤នាក់រស់នៅភូមិ ឃុំកើតខាងលើ។ ក្នុងដីកាបញ្ជាក់ថា ឈ្មោះ ខ្លី សំភា ត្រូវបានឃាត់ខ្លួនមកសួរនាំភ្លាមៗក្រោយបង្កហេតុ ដោយឡែក៣នាក់ទៀតត្រូវតុលាការចេញដីកាតាមចាប់ខ្លួន។

ដោយឡែកតាមការបញ្ជាក់ពីលោក ឧត្តមសេនីយ៍ត្រី ហ៊ិន សុខេន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៤ ខែឧសភា បានឲ្យដឹងដែរថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ រូ វិចិត្ត ត្រូវបានចាប់ឃាត់ខ្លួននៅឯស្រុកកោះកុង ខេត្តកោះកុង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យ២នាក់ គឺឈ្មោះ ខ្លី សំភា និងឈ្មោះ រូ វិចិត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕