រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែអាជ្ញាធរនឹងបើកទ្វារបង្ហូរទឹក។
តាមរដ្ឋបាលខេត្តបាត់ដំបងថា ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ វាបានធ្វើឲ្យអាងស្តុកទឹកពេញ ដែលតម្រូវឲ្យបើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក។
ព័ត៌មានបឋមក៏បានបង្ហាញដែរថា នៅតំបន់ទំនាប នៃស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ក៏ត្រូវទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី មោងឬស្សី ភ្នំព្រឹក និងស្រុកសំពៅលូនផងដែរ។
តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃតី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ប្រទេសកម្ពុជាប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងឆ្លងកាត់លើប្រទេសកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយទៀតនៅលើសមុទ្រចិនខាងត្បូង បណ្តាលឲ្យកម្ពុជាមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស។ ជាមួយគ្នានេះក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងបងប្អូនប្រជានេសាទ និងអ្នកធ្វើ ដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕