សង្គម

សិប្បកម្មយាយរឿន,យាយខុម នៅដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា កំពុងដំណើរការយ៉ាងស្ងៀមស្ងាត់

ខេត្តមណ្ឌលគិរី÷ ប្រភពបានរាយការណ៍ថា សិប្បកម្មយាយខុម ដែលត្រូវជាប្អូនយាយរឿន ជាឈ្មួញឈើដ៏ល្បីល្បាញនៅខេត្តមណ្ឌលគិរី កំពុងដំណើរការយ៉ាងសកម្ម ដោយដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សស្រែពក យកមកផ្គត់ផ្គង់។ ទ្វារបង្អួចដែលយាយខុម,ក៏ដូចជាគ្រឿងសង្ហារឹមផ្សេងៗរួមទាំងរបស់យារឿនផង ផលិតរួចហើយត្រូវបានដឹកមករាជធានីភ្នំពេញ ដោយមិនមានសមត្ថកិច្ចណាបង្ក្រាបនោះឡើយ។ យាយខុម យាយរឿន អាងឥទ្ធិពលនិងស្គាល់មន្ត្រីនៅខេត្តមណ្ឌលគិរី នេះយោងតាមប្រភពសារព័ត៌មានពេញចិត្តមេលាទើបទទួលបាន។

អ្វីដែលសំខាន់នោះ គឺឈើដែលគេដឹកយកមកផ្គត់ផ្គង់សិប្បកម្មរបស់យាយរឿននិងយាយខុម គឺប្រមូលចេញ ពីតំបន់អភិរក្សស្រែពក។ ប្រភពឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅតែបន្តកើតមានជារៀងរាល់ ថ្ងៃ។ ក្រៅតែពីសម្រាប់ផ្គត់ផ្គង់សិប្បកម្មយាយរឿននិងយាយខុម ក៏ដូចជាសិប្បកម្មនានានៅជាយរបងដែនអភិរក្សបរិស្ថានស្រែពកនោះ ឈើមួយចំនួនក៏សម្រាប់នាំចេញទៅប្រទេសជិតខាងផងដែរ។ នោះគឺជាអ្វីដែលជាសញ្ញាព្រួយបារម្ភ ចំពោះដំណើរឆ្ពោះ ទៅរកការរលំរលាយនៃព្រៃឈើនៅក្នុងតំបន់អភិរក្សបរិស្ថានស្រែពកខេត្តមណ្ឌលគិរី។

តាមរយៈការដឹកឈើចេញពីដែនសមត្ថកិច្ចបរិស្ថានយកមកផ្គត់ផ្គង់ តាមបណ្ដាសិប្បកម្មនានា ដូចជាសិប្បកម្មយាយរឿននៅតំបន់ដេអេ ជាពិសេសសិប្បកម្មយាយខុម ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ។ ប្រភពឲ្យ ដឹងថា យាយខុមក៏ដូចយាយរឿន បានជះថវិកាសម្រាប់មន្ត្រីបរិស្ថាន ប្រចាំខែដើម្បីឲ្យគាត់អាចដឹកឈើចេញពីដែនជម្រកសត្វព្រៃស្រែពក យកមកផ្គត់ផ្គង់សិប្បកម្មរបស់ខ្លួនបានដោយសុខស្រួល។ ក្រៅពីចែករំលែកឲ្យមន្ត្រីបរិស្ថានហើយនោះយាយរឿន,យាយខុម ក៏បានចែករំលែកដល់លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីនោះផងដែរ។

អាជ្ញាធរខេត្តមណ្ឌលគិរី និងក្រសួងបរិស្ថាន បានព្រម ព្រមព្រៀងគ្នាក្នុងការលុបបំបាត់សិប្បកម្មនានា ដែលនៅជិតកៀកកិតនិងដែនជម្រកសត្វព្រៃ។ ប៉ុន្តែសម្រាប់យាយរឿននិងយាយខុម ដែលជាឈ្មួញដុះស្លែ ខាងរក ស៊ីដឹកជញ្ជូនឈើនិងផលិតគ្រឿងសង្ហារឹម,សិប្បកម្មនានានោះ នៅតែអាចដំណើរការសិប្បកម្មរបស់ខ្លួនបានដោយសុវត្ថិភាព។ គេរំពឹងថា អាជ្ញាធរខេត្តមណ្ឌលគិរីលោកថង សាវុន នឹងប្រើកណ្ដាប់ដៃទៅលើ លោកឆៅ ប៊ុនធឿន ដើម្បីឲ្យពិនិត្យមើលសកម្មភាពដែលពួកឈ្មួញកំពុងផលិតគ្រឿងសង្ហារឹមនៅក្បែរតំបន់អភិរក្សនោះផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299