ព័ត៌មានជាតិ

កម្ពុជាបន្តមានភ្លៀងធ្លាក់១៥ ទៅ២៥ភាគរយដល់ថ្ងៃទី៧ ឧសភា

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានៅតែបន្តមានភ្លៀងធ្លាក់លាយលំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ លើផ្ទៃដី១៥ ទៅ២៥ភាគរយចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

តាមរយៈសេចក្តីជូនដំណឹងដដែលបង្ហាញថា៖« សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្ទថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង»។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៨អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រក្នុង១វិនាទី។ តំបន់ភាគអាគ្នេយ៍មានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

ដោយឡែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៩អង្សាសេ។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រក្នុង១វិនាទី។

តំបន់ភាគឧត្តរ មានខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងទិសឦសាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ។

រីឯ តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពអប្បបរមា២៥អ្សាសេ និងសីតុណ្ហភាពអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕