អន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាឱ្យបិទប្រតិបត្តិការស្ថាប័នព័ត៌មាន Al Jazeera

ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅថ្ងៃទី០៥ ខែឧសភានេះបានសម្រេចចិត្តបិទប្រតិបត្តិការរបស់ស្ថាប័នព័ត៌មាន អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ក្នុងប្រទេសអ៊ីស្រាអែល ដរាបណាសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សានៅតែបន្តកើតមាន ដោយអ៊ីស្រាអែលអះអាងថាការសម្រេចចិត្តបិទដំណើរការស្ថាប័នព័ត៌មាននេះ ក្រោមហេតុផលដែលបណ្តាញព័ត៌មានកាតានេះបានបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។

លោក Netanyahu បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីការបោះឆ្នោតគណៈរដ្ឋមន្ត្រីជាឯកច្ឆ័ន្ទថា “បណ្ដាញសារព័ត៌មានដែលមានលក្ខណៈញុះញង់ Al Jazeera នឹងត្រូវបិទប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល”។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានបញ្ជាក់ថា រដ្ឋមន្ត្រីគមនាគមន៍អ៊ីស្រាអែលបានចុះហត្ថលេខាលើសេចក្ដីណែនាំដែលមានប្រសិទ្ធភាពអនុវត្ត និងចូលជាធរមានភ្លាមៗ ក៏ប៉ុន្តែមានប្រភពសុំមិនបញ្ចេញអត្តសញ្ញាណមួយបានបញ្ជាក់ថា សារព័ត៌មាន Al Jazeera នៅតែមានផ្លូវបន្តប្រតិបត្តិការរបស់ខ្លួន ដោយប្តឹងជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្រ្តីខាងលើទៅកាន់តុលាការ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា វិធានការរបស់រដ្ឋាភិបាលនឹងរួមបញ្ចូលនៅការបិទការិយាល័យរបស់ Al Jazeera ក្នុងប្រទេសអ៊ីស្រាអែល ការរឹបអូសឧបករណ៍ផ្សាយ ការកាត់ផ្តាច់ប៉ុស្តិ៍ទូរទស្សន៍ពីក្រុមហ៊ុនខ្សែកាប និងផ្កាយរណប និងការបិទគេហទំព័ររបស់ស្ថាប័នព័ត៌មាននេះនៅក្នុងប្រទេសអ៊ីស្រាអែលផ្ទាល់។ គួរបញ្ជាក់ថា ស្ថាប័នព័ត៌មាន Al Jazeera បានទទួលមូលនិធិដំណើរការពីរដ្ឋាភិបាលកាតាហើយបានរិះគន់យ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ជាពិសេសការតាមស្អិតជាប់ជាប្រចាំអំពីបញ្ហាសង្គ្រាមដែលអូសបន្លាយពេលជិត ៧ខែនេះស្ទើរតែគ្រប់សកម្មភាពទាំងអស់។

គួរបញ្ជាក់ផងដែរថា កាលពីខែមុនសភាអ៊ីស្រាអែលបានអនុម័តលើច្បាប់ដែលអនុញ្ញាតឱ្យមានការបិទបណ្តោះអាសន្ននូវទូរទស្សន៍ និង​ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលមានប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល ដោយអះអាងថាវាពាក់ព័ន្ធទៅនឹងការគំរាមកំហែងសន្តិសុខជាតិ។ ច្បាប់ដែលបានត្រូវអនុម័តដោយសភានេះ អនុញ្ញាតឱ្យលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងគណៈរដ្ឋមន្រ្តីអ៊ីស្រាអែលអាចបិទដំណើរការរបស់់ទូរទស្សន៍ និង​ប្រព័ន្ធផ្សព្វផ្សាយបរទេសក្នុងរយៈពេល ៤៥ថ្ងៃ ហើយថេរវេលានេះអាចបន្តទៀតបានរហូតដល់ចុងបញ្ចប់នៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា៕