ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ មេសា ម្សិលមិញនេះ បានចេញផ្សាយនូវលទ្ធផល នៃការស្ទង់មតិស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយក្នុងនោះជាលទ្ធផល ៧៩,៨ភាគរយ នៃអ្នកត្រូវធ្វើសម្ពាសន៍យល់ថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ជារបាយការណ៍ដែលកម្ពុជាបានរៀបចំឡើងដោយខ្លួនឯងផ្ទាល់ ក្នុងក្របខណ្ឌ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយផ្អែកលើទិន្នន័យដែលក្រសួងព័ត៌មានគ្រប់គ្រង និងការវាស់វែងពីស្ថានភាពរបស់អ្នកសារព័ត៌មានដែលប្រតិបត្តិការជាក់ស្តែងនៅតាមបណ្តារាជធានីខេត្តក្នុងប្រទេសកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ។
ការស្ទង់មតិបានធ្វើឡើងទៅលើអ្នកសារព័ត៌មានចំនួន ៣៤១នាក់នៅទូទាំងប្រទេស ក្នុងនោះលទ្ធផលបានបង្ហាញថា ៧៩.៨% យល់ឃើញថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ដោយខ្លួនមានសេរីភាពពេញលេញក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មាន, ៩៤.៤% យល់ថា កម្ពុជាជាប្រទេសមួយដែលមានប្រព័ន្ធផ្សព្វផ្សាយសម្បូរបែប, ៨១.៨% យល់ថា ការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានពិតជាមានសារៈសំខាន់, ៩២.១% គាំទ្រឱ្យក្រសួងអនុវត្តតាមនីតិវិធីច្បាប់ចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន, ៨១.២% យល់ថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ខ្លាំងក្នុងការទប់ស្កាត់ព័ត៌មានកន្លែងក្លាយ, ៩៩.៤% គាមទ្រឱ្យមានការបណ្តុះបណ្តាលបន្ថែម ដើម្បីបង្កើនគុណភាពព័ត៌មាននៅកម្ពុជា, ៩៥% បានឯកភាពថា ប្រព័ន្ធផ្សព្វផ្សាយសំបូរបែបនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន។
លោក លាង ដឺលុច បណ្ណាធិការ នៃសារព័ត៌មានថ្មីៗ បាននិយាយនៅក្នុងរបាយការណ៍នោះថា នៅក្នុងទិដ្ឋភាពរួម កម្ពុជាមានលំហសេរីភាពសារព័ត៌មានធំតាមរយៈការបង្កលក្ខណៈងាយស្រួលដល់ការបង្កើតក្រុមហ៊ុនព័ត៌មាន វត្តមាន នៃការបញ្ចេញមតិដោយសេរីនៅតាមបណ្តាញទំនាក់ទំនងសាធារណៈ មានលំហូព័ត៌មានទូលំទូលាយពីរដ្ឋាភិបាលមកប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋទៅរដ្ឋាភិបាល។ ទោះយ៉ាងណាក៏ដោយ លំហ ឬសេរីភាពសារព័ត៌មាននៅកម្ពុជា នៅតែត្រូវបានរំខានដោយចំណុចអសកម្មមួយចំនួនដែលកំពុងទាញចុះនូវគុណតម្លៃ នៃសេរីភាពសារព័ត៌មាន។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានមានប្រសាសន៍ដែរថា នៅកម្ពុជា សេរីភាពសារព័ត៌មានរីកចម្រើនយ៉ាងខ្លាំងមិនធ្លាប់មានពីមុន។ ចំនួនស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានកើនឡើងយ៉ាងគំហុកគួរឱ្យកត់សម្គាល់។ ប្រជាពលរដ្ឋមានប្រភពព័ត៌មានយ៉ាងសម្បូរបែប និងមានជម្រើសទូលំទូលាយ និងងាយស្រួលក្នុងការទទួលបានព័ត៌មានលឿនរហ័ស។
ផ្អែកតាមទិន្នន័យបច្ចុប្បន្នភាពឆ្នាំ២០២៣របស់ក្រសួងព័ត៌មានបង្ហាញថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងទំនើប ដែលបានចុះបញ្ជិកានៅក្រសួងព័ត៌មាន មានចំនួនជាង២ពាន់ រួមមាន គេហទំព័រ និងទូរទស្សន៍អនឡាញមានចំនួន ៩៣៣អង្គភាព, កាសែត ៤៤៧អង្គភាព, សមាគមសារព័ត៌មាន ៥២អង្គភាព, ទស្សនាវដ្តី ១៩៤អង្គភាព, ព្រឹត្តិបត្រ ២១អង្គភាព, ស្ថានីយវិទ្យូ ២៨៤ស្ថានីយ, ទីភ្នាក់ងារសារព័ត៌មានបរទេស ២៧អង្គភាព, ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ និងផ្សាយបន្ត ១៦៥ស្ថានីយ, ទូរទស្សន៍ឌីជីថល ១២ស្ថានីយ, ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងនៅតាមខេត្ត៤៤ស្ថានីយ៍ និងទូរទស្សន៍អាណាឡូកមានចំនួន ១៤៣ស្ថានីយ ខណៈអ្នកសារព័ត៌មានមានចំនួនប្រមាណ មួយម៉ឺននាក់៕