សង្គម

ផ្លែសំរ៉ងប្រមាណ១ពាន់តោន គិតជាប្រាក់ប្រមាណ១០ លានដុល្លារលក់ទៅប្រទេសវៀតណាម គ្មានបង់ពន្ធបង់ចូលថវិកាជាតិទេ

ខេត្តរតនគិរី÷ តាមការប៉ាន់ស្មានអនុផលព្រៃឈើផ្លែសំរង ប្រមាណ១ ពាន់តោនតម្លៃមធ្យមក្នុង១គីឡូក្រាមគឺ១០ដុល្លារ គិតជាប្រាក់ប្រមាណ១០លានដុល្លារអាមេរិក លក់ទៅប្រទេសវៀតណាមគ្មានបង់ពន្ធចូលថវិកាជាតិទេ។ មួយចំណែកនៃភាគផលនោះបានទៅលើប្រជាពលរដ្ឋ ដែលជាអ្នកបេះផ្លែសំរង,មួយចំណែកបានទៅឈ្មួញវៀតណាម និងឈ្មួញខ្មែរមួយផ្នែកតូច។ក្រៅពីនោះគឺបានទៅលើសមត្ថ កិច្ចថ្នាក់ដឹកនាំខេត្ត ដែលខ្លះឃុបឃិតពុករលួយ ទៅលើការអនុញ្ញាតឲ្យឈ្មោះវៀតណាមចូលកាប់ដើមសំរងនិងមួយចំនួនជាអ្នកម៉ៅផ្លូវ។

ផ្លែសំរងត្រូវបានប្រមូលផលចេញ ពីស្រុកចំនួន៣ នៃខេត្តរតនគិរីគឺស្រុកវ៉ើនៃ,ស្រុកតាវែង,ស្រុកអណ្តូងមាស (តំបន់កន្ទុយ នាគ)។ ការណ៍ដែលអនុផលព្រៃឈើផ្លែសំរងដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គ្មានពន្ធបង់ចូលថវិកាជាតិ គឺដោយសារមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ ចំពោះប្រភេទអនុ ផលព្រៃឈើនេះឡើយ។ កត្តានេះហើយបានបង្កឲ្យមានភាពអនាធិបតេយ្យលើការងារគ្រប់គ្រងក៏ដូចជា ការធ្វើអាជីវកម្មអនុផលព្រៃឈើប្រភេទនេះ និងបង្កឲ្យមានភាពអនាធិបតេយ្យលើការកាប់បំផ្លាញដើមសំរង ដែលជាទីប្រភពព្រៃឈើថមថយនូវសក្តានុពលរបស់វា និងអាចធ្វើឲ្យផុតពូជដើមសំរងដោយការកាប់រំលំដោយគ្មានស្តាយស្រណោះធនធានធម្មជាតិ។

ជាមួយនឹងការថមថយសក្តានុពល ក្នុងតំបន់ខាងលើនេះបានធ្វើឲ្យខាតបង់ថវិកាជាតិដ៏ច្រើនតាមរយៈការគប់គិតគ្នាជាប្រព័ន្ធលើការងារអាជីវកម្ម និងដឹកជញ្ជូនទៅក្រៅប្រទេស(វៀតណាម)ដោយពុំមានត្រួតពិនិត្យពីអាជ្ញាធរ,មន្ត្រីជំនាញ,សមត្ថកិច្ចពាក់ព័ន្ធអនុវត្តន៍ច្បាប់។ផ្ទុយទៅវិញពួកគាត់(ទាំងអាជ្ញាធរនិងសមត្ថកិច្ច)បានបំពេញតួនាទីជាភ្នាក់ងារពន្ធដារប្រមូលលុយចូលហោប៉ាវផ្ទាល់ខ្លួន។ ដូច្នេះដើម្បីភាពគង់វង្សធនធានធម្មជាតិដើមសំរងនិងទាញយកចំណូលបង់ចូលថវិកាជាតិមាន តែសមត្ថកិច្ចថ្នាក់លើទេ ដែលអាចជួយត្រួតពិនិត្យការ ងារសមត្ថកិច្ចខិលខួចមួយចំនួននៅខេត្តរតនគិរី។

លោក ហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មខេត្តរតនគិរីកន្លងទៅថ្មីៗនេះបានប្រាប់ថា ក្រុមឈ្មួញដឹកផ្លែសំរងទៅប្រទេសវៀតណាម ចាប់ផ្តើមរត់ការណ៍សុំច្បាប់ដឹកជញ្ជូនបណ្តើរៗហើយ ប៉ុន្តែមិនដឹងថា ច្បាប់នោះអនុញ្ញាតិឲ្យដឹកចំនួនប៉ុន្មានតោនទេ។ លោកហុង ភាបញ្ជាក់ឲ្យដឹងទៀតថា ច្បាប់ដឹកជញ្ជូនផ្លែសំរងគឺ ១តោនស្មើនឹង ១៦០,០០០រៀល(៤០ដុល្លារ)  តែគេឃើញតែមានក្រុមជើង កាងយកឈ្មោះលោកស្រីភរិយាអ្នកធំម្នាក់ក្នុងខេត្តរតនគិរី រត់ការណ៍ដឹកផ្លែសំរងចេញពីក្រុងបានលុង ឆ្ពោះទៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវជារៀងរាល់ថ្ងៃ។ បើមានប្រជាពលរដ្ឋណាមានរថយន្តស៊ីឈ្នួលដឹកផ្លែសំរងឲ្យក្រុមឈ្មួញច្បាស់ជាក្រុមគេ(ប៉ាវផ្តាច់ផ្លូវជាតិលេខ៧៨)ចាប់ចូលរដ្ឋបាលព្រៃឈើជាពុំខាន៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299