អន្តរជាតិ

នៅថៃ មនុស្សយ៉ាងតិច៣០នាក់​បានស្លាប់​ដោយសារអាកាសធាតុក្តៅខ្លាំង

ប្រទេស​ថៃ​បាន​ចេញ​ការ​ព្រមាន​ថ្មី​អំពី​អាកាសធាតុ​ក្តៅ​ខ្លាំង​កាលពីថ្ងៃ​ព្រហស្បតិ៍ ខណៈ​រដ្ឋាភិបាលបញ្ជាក់ថាបញ្ហា Heatstroke ឬគេហៅថាជាការសន្លប់បាត់ស្មារតីដោយសារអាកាសធាតុក្ដៅខ្លាំង បានបណ្ដាលឱ្យមនុស្សយ៉ាងតិច ៣០នាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២៤នេះ។

អាជ្ញាធរទីក្រុងបាងកកបានផ្តល់ការព្រមានអំពីសីតុណ្ហភាពក្ដៅខ្លាំង ខណៈដែលសន្ទស្សន៍កំដៅត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ៥២អង្សាសេ។

អាជ្ញាធរក្នុងខេត្ត Udon Thani នៅភាគឦសានប្រទេសថៃ ក៏បានព្រមានពីសីតុណ្ហភាពក្ដៅខ្លាំងនៅថ្ងៃព្រហស្បតិ៍ផងដែរ។ ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា រាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ មានមនុស្សចំនួន ៣០នាក់បានបាត់បង់ជីវិតដោយអាការៈ Heatstroke ខណៈពេញមួយឆ្នាំ២០២៣ មានអ្នកស្លាប់ត្រឹម ៣៧នាក់ប៉ុណ្ណោះ។

លោក Direk Khampaen អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ថៃឱ្យដឹងថា ក្រុមមន្រ្តីជំនាញបានព្យាយាមជំរុញ និងលើកទឹកចិត្តឱ្យមនុស្សដែលមានវ័យចំណាស់ និងអ្នកមានសុខភាពទន់ខ្សោយ ត្រូវព្យាយាមនៅតែក្នុងផ្ទះ ឬទីតាំងក្នងម្លប់ និងត្រូវព្យាយាមផឹកទឹកឱ្យបានច្រើន។

នៅក្នុងប្រទេសថៃឆ្នាំនេះបានរងនូវរលកកំដៅខ្ពស់ជាងធម្មតាដែលបណ្ដាលមកពីបាតុភូត El Nino ខណៈដែលខេត្តឡាំប៉ាង (Lampang) ស្ថិតនៅភាគខាងជើង មានកំដៅខ្ពស់រហូតដល់ ៤៤,២អង្សារសេ ខណៈតាមតំបន់បណ្ដោយព្រំដែនមួយចំនួនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ាអាកាសធាតុមានការកើនឡើងខ្លាំងដល់ ៤៥,៩អង្សារសេកាលពីថ្ងៃពុធម្សិលមិញ។

គួរឱ្យដឹងថា រលកកំដៅបានវាយប្រហារទៅលើបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្នុងសប្តាហ៍នេះ ខណៈហ្វីលីពីនបានប្រកាសផ្អាកដំណើរការរៀនផ្ទាល់ក្នុងថ្នាក់ និងជំនួសវិញដោយការរៀនតាមប្រព័ន្ធអនឡាញ ហើយនៅឯបង់ក្លាដែសឯណោះវិញមានក្រុមអ្នកបូជាសាសនាមួយចំនួនបានធ្វើពិធីបួងសួងឱ្យមានភ្លៀងធ្លាក់ទៀតផង៕