ព័ត៌មានជាតិ

ខេត្តព្រះសីហនុរៀបចំសម្តែង​យន្តហោះខ្នាតតូច ក្នុងកម្មវិធី “Cambodia-Thai Friendship Air Show 2024”

យន្តហោះខ្នាតតូចចំនួន១៦គ្រឿង នឹងហោះសម្ដែងជាលើកដំបូងនៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា​​​ រដ្ឋបាលខេត្តព្រះសីហនុសហការជាមួយសមាគមទេសចរណ៍ (CATA) និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធីហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024”។

លោកអភិបាលរងបន្ថែមថា​​ ​​ជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន១៦គ្រឿង នឹងហោះមកពីប្រទេសថៃមកចុះសំចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមហោះហើរសម្ដែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូប និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្ត។

គោលបំណងនៃព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាល និងមានគោលដៅលើកស្ទួយវិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អប្រទេសទាំង២៕