សង្គម

គគ្រឹកគគ្រេងណាស់នៅក្រុងពោធិ៍សាត់ចំពោះល្បែង ស៊ីសងអនឡាញដែលសមត្ថកិច្ចថាស្របច្បាប់

ខេត្តពោធិ៍សាត់÷ ល្បែងស៊ីសងតាមអនឡាញកំពុងវាយលុក នៅគ្រប់ច្រកល្ហកក្នុងក្រុងពោធិ៍សាត់តាមហាងកាហ្វេ និងតាមផ្ទះល្វែងជាច្រើនកន្លែង។ អាជ្ញាធរមានសមត្ថកិច្ចអះអាងថា ទីតាំងបើកល្បែងអនឡាញទាំងនោះ មានច្បាប់ទម្លាប់ត្រឹមត្រូវដែលថ្នាក់លើ(ខេត្ត)ទទួលស្គាល់។ ប៉ុន្តែ រាជរដ្ឋាភិបាលបានប្រកាសថាមិនអនុញ្ញាតឲ្យមានល្បែងពីសងអនឡាញដំណើរការទៀតទេ។

ប្រភពឱ្យដឹងថា គេឃើញមានការបង្ក្រាបខ្លះៗដោយដុំដោយកន្លែងចំពោះទីតាំងល្បែងស៊ីសងទាំងឡាយណាដែលមិនបានបង់ប្រាក់ដាក់ខែឲ្យសមត្ថកិច្ច។ ប្រភពបន្តទៀតថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដូចជាឆ្នោតផ្សងសំណាង,យូគី,ឡូតូតាមប្រព័ន្ធអនឡាញទាំងនេះបានបើកដំណើរការយ៉ាងគគ្រឹកគគ្រេងតាមរោងកាហ្វេនិងតាបប៊ីយែរ ជាពិសេសនៅក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ និងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ជាច្រើន ។ ល្បែងស៊ីសងទាំងនោះត្រូវគេដឹងថា មិនមានច្បាប់ទម្លាប់ត្រឹមត្រូវអ្វីទេ។ យ៉ាងណាក៏ ដោយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានថ្នាក់ក្រុង ទម្លាក់ការទទួលខុសត្រូវទៅលើថ្នាក់ខេត្ត។

បុរសម្នាក់ដែលជាមេការកាងល្បែងនោះបាននិយាយថាចំពោះទីតាំងលោកមិនមែនចេះតែមកដាក់បានងាយៗនោះទេ។ ប្រសិនបើជាគ្មានការបើកភ្លើងខៀវពីថ្នាក់លើហើយចំពោះអ្នកសារព័ត៌មាន ចង់ផ្សាយអ្វីទៅតាមសេរីព្រោះទីតាំងរបស់គេមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ប៉ុន្តែមិន ឃើញមានលិខិតអនុញ្ញាត ត្រូវបានដាក់តាំងបង្ហាញឲ្យអ្នកលេងមានទំនុកចិត្តនោះឡើយ។ នេះត្រូវគេដឹងថា វាគ្រាន់តែជាការឃុបឃិតគ្នារវាងអាជ្ញាធរ និងពួកថៅកែល្បែងអនឡាញតែប៉ុណ្ណោះ។ រីឯអាជ្ញាធរមូលដ្ឋាន មិនហ៊ានទទួលខុសត្រូវអ្វីជាដុំកំភួនទេ គ្រាន់តែយកលុយហើយមិនហ៊ានប្រឈមមុខឡើយ។

ប្រជាពលរដ្ឋមើលឃើញថា បញ្ហាអសន្តិសុខដែលកំពុងកើតមាននៅក្នុងមូលដ្ឋាន បង្កឡើងដោយសារល្បែងស៊ី សងតាមអ៊ីនធឺណិតនេះឯង។ ដូច្នេះគេរំពឹងថា អាជ្ញាធរខេត្តពោធិ៍សាត់ ជាពិសេសលោក ស ថេង ស្នងការនគរបាលខេត្ត ចាត់វិធានការពិនិត្យមើល ទីតាំងល្បែង ស៊ីសងអនឡាញ ដែលកំពុងរីកដុះដាលគ្រប់ច្រកល្ហក នៅក្រុងពោធិ៍សាត់នោះផង។ ប្រជាពលរដ្ឋនិយាយថា បញ្ហាល្បែងស៊ីសងអនឡាញ មិនមែនជាទីសប្បាយចិត្តសម្រាប់ប្រជាពលរដ្ឋនោះឡើយ។ តើហេតុអ្វី បានជាអាជ្ញាធរចេះតែបណ្ដោយឱ្យល្បែងស៊ីសងពង្វក់ស្មារតីប្រជាពលរដ្ឋបង្កឲ្យមានបញ្ហាអសន្តិសុខយ៉ាងដូច្នេះ៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299