កម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។
លោក ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដែលមានការិយាល័យបោះឆ្នោតចំនួន ២០៩ ការិយាល័យ និងមានអ្នកបោះឆ្នោតសរុបចំនួន ១១ ៦២២ នាក់។
តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ (កែសម្រួល) គ.ជ.ប ត្រូវធ្វើការបិទផ្សាយ បញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ ដោយឡែកការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែឧសភា។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ដែលអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតសរុបប្រមាណ ១២.០០០ នាក់។ អាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌមានចំនួន ៤.២០០ នៅទូទាំង ២៥ ខេត្ត រាជធានី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ចេញផ្សាយកាលពីកន្លងទៅ។៕