សង្គម

ចូលឆ្នាំហើយភ្លាម ពលរដ្ឋខ្មែរប្រមាណ៣០០នាក់ ប្រុងឆ្លង​ដែនខុសច្បាប់ចូលប្រទេសថៃ តែត្រូវ​សមត្ថកិច្ច​ឃាត់

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានឱ្យដឹងថា មានពលរដ្ឋខ្មែរប្រមាណ៣០០នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការទប់ ស្កាត់យកមកអប់រំ ខណៈពួកគាត់បានត្រៀមលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ កាលពីរសៀលថ្ងៃទី១៨ ខែមេសា។

លោកស្រីបានបញ្ជាក់ថា ប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ កម្លាំងអធិការ ដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ឆ្មក់ ឃាត់ទប់ស្កាត់ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ ពលរដ្ឋទាំងនេះត្រូវបាន ស្ទាក់ឃាត់ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកស្រីបន្ថែមទៀតថា ពលរដ្ឋទាំងនោះ ភាគច្រើនគឺមកពីបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្ត សៀមរាប។

លោកស្រីឧត្តមសេនីយ៍ត្រីឱ្យដឹងដែរថា ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើ កិច្ចសន្យារួច សមត្ថកិច្ចបានឱ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ ហើយបានជំរុញដល់ ពួកគាត់សូមឱ្យឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវដើម្បីចៀសវាងការចាញ់ បោកមេខ្យល់ ឬមានបញ្ហាបើនៅតែបន្តឆ្លងដែនខុសច្បាប់ទៀតនោះ៕