ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា នឹង​ទៅថ្លែង​សុន្ទរកថាពិសេស នៅ​ UN-ESCAP សប្តាហ៍ក្រោយ

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៤ ដើមសប្តាហ៍ក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា នឹង​ធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បី​ថ្លែង​សុន្ទរកថាពិសេស នៅ​ក្នុង​ពិធីបើកសន្និបាត​លើកទី៨០ របស់គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក UN-ESCAP ។

បើយោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា សន្និបាតប្រចាំឆ្នាំនេះ នឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ដ្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងការចូលរួមពិធីនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្តាប់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញអមដំណើរសម្តេចធិបតីផងដែរ៕