រដ្ឋាភិបាលថៃ កំពុងតាមដានជាតិពុលអាស៊ីតស៊ុលហ្វួរីកនៅក្នុងទន្លេមេគង្គនៅព្រំដែនឡាវ ដោយអ្នកស្រុកក្នុងខេត្តជាប់មាត់ទន្លេចំនួន៧ ត្រូវបានព្រមានឱ្យរក្សាការប្រុងប្រយ័ត្នចំពោះការលេចធ្លាយសារធាតុគីមីដែលរំពឹងថានឹងទៅដល់ប្រទេសថៃនៅសប្តាហ៍ក្រោយ។
ការបំពុលនេះបានកើតឡើងនៅក្នុងក្រុងហ្លួងប្រាបាង ប្រទេសឡាវ នៅពេលដែលរថយន្តដឹកទំនិញផ្ទុកអាស៊ីតទម្ងន់ជាង៣០តោនបានក្រឡាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យទឹកអាស៊ីតលេចធ្លាយចូលទៅក្នុងទន្លេណាំខាន់ ដែលហូរចូលទៅកាន់ទន្លេមេគង្គ។
ក្រសួងធនធានទឹកបានជូនដំណឹងដល់ខេត្តចំនួន៧ នៅតាមដងទន្លេមេគង្គ ឱ្យតាមដានគុណភាពទឹកទន្លេដែលហូរកាត់តំបន់របស់ពួកគេ បន្ទាប់ពីមានឧបទ្ទវហេតុកើតឡើង។ សារធាតុគីមីនេះត្រូវបានគេរំពឹងថានឹងហូរកាត់ស្រុកឈៀងខាន់ នៅចន្លោះថ្ងៃទី៨ ដល់ទី១០ ខែមេសា។
រដ្ឋមន្ត្រីក្រសួងស្រាវជ្រាវ និងនវានុវត្តន៍វិទ្យាសាស្ត្រឧត្តមសិក្សា លោកស្រី Supamas Isarabhakdi បានណែនាំក្រុមឆ្លើយតបបន្ទាន់ពីនាយកដ្ឋានសេវាកម្មវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យគុណភាពទឹកទន្លេក្នុងខេត្តទាំង៧ និងវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានលើបរិស្ថាន។ លោកវេជ្ជបណ្ឌិត Rungruang Kitphati អគ្គនាយកនៃនាយកដ្ឋានបានឱ្យដឹងថា អាស៊ីតស៊ុលហ្វួរិក គឺជាសារធាតុដែលបំផ្លាញស្បែក ភ្នែកធ្មេញ និងសួត។ ការប៉ះពាល់ធ្ងន់ធ្ងរអាចនាំឱ្យងងឹតភ្នែក និងអាចបណ្តាលឱ្យស្លាប់ទៀតផង។ លោកបន្តថា អាជ្ញាធរថៃបានទាក់ទងមន្ត្រីឡាវ ដើម្បីបង្ហូរទឹកចេញពីទំនប់សាយ៉ាប៊ូរី ក្នុងប្រទេសឡាវ ដើម្បីបន្សាបជាតិគីមីក្នុងទន្លេ និងដើម្បីសម្រួលដល់ការប៉ះពាល់ដល់គុណភាពទឹក។ ទន្ទឹមគ្នានោះ មន្ត្រីសុខាភិបាលកំពុងអប់រំប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់មាត់ទន្លេទាំង៧ អំពីរបៀបការពារខ្លួនពីគ្រោះថ្នាក់នៃសារធាតុគីមី និងណែនាំពួកគេឱ្យទៅជួបគ្រូពេទ្យប្រសិនបើពួកគេប៉ះនឹងទឹកដែលត្រូវបានបំពុល។
ដោយឡែក លោក Paitoon Suthamma ប្រធានការិយាល័យរបស់អាជ្ញាធររដ្ឋាករទឹកខេត្តនគរបឋម បាននិយាយថា ការពិនិត្យមើលគុណភាពទឹកទន្លេមេគង្គក្នុងខេត្តនគរបឋម ជាបឋមតាមការណែនាំរបស់អ្នកជំនាញបានរកឃើញថា ទឹកនៅតែមានសុវត្ថិភាព និងមិនមានផលប៉ះពាល់ពីការបំពុលនោះទេ។ ទោះជាយ៉ាងនេះក្ដី ការិយាល័យនឹងបន្តតាមដានគុណភាពទឹក និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋជាប្រចាំអំពីស្ថានភាព។ លោកបានបន្ថែមថា កន្លែងកើតហេតុស្ថិតនៅឆ្ងាយពីខេត្តនគរបឋម ប៉ុន្តែប្រជាជនត្រូវធ្វើការប្រុងប្រយ័ត្នជាមុនដើម្បីការពារគ្រោះថ្នាក់ណាមួយ៕