សង្គម

ត្រឹមរយៈពេល៣ថ្ងៃ ពលរដ្ឋ​ និងពលករខ្មែរនៅថៃ ឡាវ និង​វៀតណាម ជាង៧ម៉ឺននាក់ វិលត្រឡប់ចូលប្រទេសវិញ

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃមកនេះ មានពលរដ្ឋ និង​ពលករខ្មែរ​ដែល​ទៅ​សិក្សា បំពេញ​ការងារ និង​ប្រកបររបរផ្សេងៗ​នៅប្រទេសថៃ ឡាវ វៀតណាម ចំនួនជាង៧ម៉ឺននាក់ បានធ្វើដំណើរ​ចូល​ប្រទេស​វិញ ដើម្បីចូលរួមពិធីបុណ្យ​ចូលឆ្នាំថ្មី នៅសប្តាហ៍ក្រោយ។

របាយការណ៍ដដែលបញ្ជាក់ថា រយៈពេល៣ថ្ងៃនេះ ព្រំដែនកម្ពុជា-ថៃ ទទួលបានពលរដ្ឋនិងពលករកម្ពុជាវិញចូលសរុបចំនួន ៦៣ ១២៩នាក់ ព្រំដែនកម្ពុជា-វៀតណាម ៩៨៣៣នាក់ និងព្រំដែនកម្ពុជា-ឡាវ១៩២នាក់។

លោក លឹង សុផុន មន្ត្រីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករចំណាកស្រុករបស់អង្គការសង់ត្រាល់បានឱ្យដឹងថា មូលហេតុដែលពលករកម្ពុជាធ្វើការនៅថៃតែងតែត្រលប់មកស្រុកកំណើតវិញច្រើនលើសលប់ជាងគេគឺដោយសារតែថៃនិងកម្ពុជាមានវប្បធម៌ប្រពៃណីស្រដៀងគ្នា ពោលថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំក៏ដូចគ្នាដែរ។

មន្ត្រីសិទ្ធិការងាររូបនេះបានលើកឡើងថា៖ «ជារៀងរាល់ឆ្នាំ បងប្អូនពលករយើងត្រលប់ទៅវិញច្រើនណាស់សូម្បីតែច្រកផ្សេងៗឱ្យតែដល់រដូវចូលឆ្នាំ ហើយគឺអ្នកខ្លះទៅចាំមុន អ្នកខ្លះនៅចាំច្រកព្រំដែនសឹងកន្លះថ្ងៃទម្រាំអាចចេញទៅបានពីព្រោះមនុស្សច្រើនពេក សូម្បីតែច្រកអូរស្មាច់ក្ដី ច្រកប៉ោយប៉ែតក្ដី ច្រកបានឡែមក៏មានប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដែរ»៕