ខេត្តបន្ទាយមានជ័យ÷ ប្រភពពីក្មេងៗដែលចូលចិត្តលេងល្បែងស៊ីសង នៅតាមក្លិបកំសាន្តតាមប្រព័ន្ធអេឡិចត្រូនិចទំនើបបានបង្ហើបថា ក្នុងសប្តាហ៍កន្លងទៅនេះ ដំណើរការជាប្រក្រតីភាពនៃហាងខារ៉ាអូខេបង្កប់ដោយល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិចអ៊ីនធឺណិតប្រព្រឹត្តទៅដោយរលូន ក្រោមភ្នែកមន្ត្រីមានសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត។ ក្នុងនោះក្លឹបកំសាន្តយីហោអេហ្សីបបានដំណើរការឡើងវិញ បើទោះ បីជាធ្លាប់ទទួលរងការព្រមាន ពីអាជ្ញាធរមានសមត្ថកិច្ចក្រុងប៉ោយប៉ែតម្ដងរួចហើយក៏ដោយ។
ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតនិយាយថា ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ ខណៈហាងខារ៉ាអូខេក្លឹបកំសាន្តយីហោអេហ្ស៊ីប,ឌីឃ្វីន,ផែអាត់… ដែលមានទីតាំងនៅកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងសកម្ម ដែលគេរាយការណ៍ថា មានល្បែងស៊ីសងច្រើនប្រភេទ ពិសេសហ្គេមបាញ់ត្រីទំនើបៗ។ ហាងខារ៉ាអូខេយីហោផែអាត់នៅច្រកចូលខាងមុខបិទបាំងស័ង្កសីហ៊ុំព័ទ្ធ ខុសប្រក្រតីដែលហាក់ដូចជាមិនចង់ឲ្យអតិថិជនរបស់ខ្លួន ចូលច្រៀងកម្សាន្តសប្បាយនោះឡើយ។ ផ្ទុយទៅវិញគឺវាសម្រាប់តែម៉ូយរបស់គេចូលលេងល្បែងហ្គេម internet ដែលដឹងប៉ុណ្ណោះ។
ទីតាំងខារ៉ាអូខេដែលបង្កប់ល្បែងស៊ីសងទាំងនេះ គឺក្រោមការដឹងឮពីសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតទាំងអស់។ គេថា វាជាការចិញ្ចឹមគ្នាទៅវិញ ទៅមករវាងសមត្ថកិច្ចមានទាំងកងរាជអាវុធហត្ថ និងនគរបាលក៏ដូច ជាអាជ្ញាធរដែនដី។ អ្វីដែលកាន់ផ្គើនហើយនៅតែកឃ្លើនទៀតនោះ គឺហាងខារ៉ាអូខេដឹឃ្វីន,អេហ្សីប..ដែលទទួល រងការព្រមានណែនាំ និងធ្វើកិច្ចសន្យាម្ដងរួចមកហើយពីអាជ្ញាធរដែនដី បែរជានៅតែបើកដំណើរការឡើងវិញ។ ទាំងនេះបើគ្មានការឃុបឃិត ផលប្រយោជន៍ណាមួយពីអាជ្ញាធរមានសមត្ថកិច្ចទេគឺមិនអាចដំណើរការបានទេ។
ប្រជាពលរដ្ឋបានរំលឹកហើយរំលឹកទៀតថា ហាក់ដូចជាមិនអស់មិនហើយសោះ នៅក្រុងប៉ោយប៉ែតអំពីករណីហាងខារ៉ាអូខេកន្លែងកំសាន្តសប្បាយ ច្រៀងរាំមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់នោះ។ នោះគឺជាអ្វីដែលគេបង្ហើបឲ្យដឹងដែរថា ហាងខារ៉ាអូខេ aplus មានទី តាំងនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ដែលនៅខាងក្នុងនោះបង្កប់ទៅដោយល្បែងស៊ីសង។ ឥឡូវនេះគេឃើញដែរថា ហាងខារ៉ាអូខេអេហ្សីប មានល្បែង ស៊ីសងបានដំណើរការជាចំហ។ ប្រភពរាយការណ៍ថា ក្រៅតែពីមានខ្នងធំហើយ ក៏ត្រូវចំណាយសេវាជូនមេៗសមត្ថកិច្ចក្រុងប៉ោយប៉ែតនោះផង។ តើករណីខាងលើនេះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតឆ្លើយយ៉ាងដូចម្ដេច?
ប្រភពបានឲ្យដឹងថា ហាងខារ៉ាអូខេដ៏ចម្លែកទាំងអេហ្សីប អេផ្លឹស និងខផែអាត់ នេះបានដំណើរការទាំងយប់ទាំងថ្ងៃ ទទួលអតិថិជនទាំងខ្មែរ និងបរទេសបណ្ដើរគ្នាត្រសង ចូលកម្សាន្តសប្បាយ រីករាយជាពន់ពេក។ ប្រភពខ្សឹបថា ថៅកែហាងខារ៉ាអូខេអេហ្សីប ជាអ្នកមានធំ និងមានខ្នង បង្អែកជាសមត្ថកិច្ចថែមទៀតផង។ បើទោះជាមានខ្នង បង្អែកធំយ៉ាងណាក៏ដោយ ក៏ថៅកែហាងខារ៉ាអូខេខាង លើ នៅតែប្រើវប្បធម៌ចែករំលែកឲ្យសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានគ្រាន់និងកាហ្វេគុយទាវ,សន្សំខ្លះធ្វើមានបានផងដែរ។ ដូច្នេះហើយបានជានគរបាលក្រុងប៉ោយប៉ែត ចេះតែបិទភ្នែក អនុញ្ញាតឱ្យមានល្បែងស៊ី សង នៅក្នុងហាងខារ៉ា អូខេខាងលើនេះ ព្រោះវាបានប្រយោជន៍ឲ្យខ្លួនដែរ។
ហាងខារ៉ាអូខេទាំងឡាយ បង្កប់ទៅដោយល្បែងហ្គេម ច្រើនប្រភេទ។ ហាងខារ៉ាអូខេមានលាយឡំ ដោយល្បែង ស៊ីសងទាំងនេះត្រូវគេប្រាប់ថា ជាឆ្នាំងបាយសមត្ថកិច្ចក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ។ ពីខាងក្រៅវាជាស្លាកយីហោហាងខារ៉ាអូខេ ប៉ុន្តែពេលចូលដល់ខាង ក្នុងវាជាកន្លែងលេងល្បែងស៊ីសងដ៏ទំនើប។ អាជ្ញាធរ មានសមត្ថកិច្ចមិនអាចបង្ក្រាបទីតាំង ហាងខារ៉ាអូខេទាំងនោះបានទេ ពីព្រោះវាត្រូវគេប្រាប់ថា ជាឆ្នាំងបាយរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែតនោះតែម្ដង។ គេខ្សឹបថា អធិការរងក្រុងប៉ោយប៉ែតមួយរូបមានពាក់ព័ន្ធនិងហាងល្បែងស៊ីសងនៅក្នុងហាងខារ៉ាអូខេមួយនេះ។
ម្ចាស់ហាងខារ៉ាអូខេដែលបង្កប់ដោយល្បែងស៊ីសងមួយកន្លែងអះអាងប្រាប់អ្នកកាសែតថា បើមិនដាក់ល្បែងហ្គេមនៅក្នុងនោះទេ គឺមិនអាចទាក់ទាញអតិថិជន ឲ្យចូលកំសាន្តបានឡើយ។ គេថា ការដាក់ត្រឹមខារ៉ាអូខេមិនអាចទាក់ទាញភ្ញៀវឲ្យចូលកម្សាន្តបានច្រើន ដូចមុនឡើយ។បញ្ហាខារ៉ាអូខេ លែងជាចំណូលចិត្តរបស់ពលរដ្ឋហើយផ្ទុយទៅវិញបើមានល្បែងហ្គេមនៅក្នុងនោះ គឺមានអ្នកចូលទៅលេងច្រើន ហើយម្ចាស់ហាងអាចរកចំណូលសម្រាប់ទប់ទល់និងចែករំលែកឲ្យសមត្ថកិច្ច។ ប្រភពនិយាយដោយខ្លីថា បើមិនចំណាយឲ្យសមត្ថកិច្ចទេ ពិត ជាមិនអាចដំណើរការ ព្រមគ្នាទាំងល្បែងស៊ីសងហ្គេមអនឡាញនិងខារ៉ាអូខេនៅជាមួយគ្នានោះបានឡើយ។
ប្រភពឱ្យដឹងថា ក្រៅពីល្បែងអនឡាញទូហ្គេមបាញ់ត្រីច្រើនប្រភេទ ដែលបង្កប់នៅតាមហាងខារ៉ាអូខេ ដែលគេសង្ស័យជាឆ្នាំងបាយ លោកសៅ សារឿន អធិការនគរ បាលក្រុងប៉ោយប៉ែតនោះក៏មានល្បែងស៊ីសងប្រភេទហ្គេមអនឡាញ តាមផ្ទះល្វែងមួយចំនួនទៀតដែលកំពុងដំណើរការដោយលួចលាក់។ និយាយរួមទៅ វាជាប្រភពចំណូល របស់អាជ្ញាធរមានសមត្ថកិច្ច ទាំងក្រុងប៉ោយ ប៉ែត ក៏ដូចជានៅខេត្តបន្ទាយមានជ័យនោះផងដែរ។ អាជ្ញាធរមានសមត្ថកិច្ចមួយចំនួននិយាយថា វាជាបញ្ហាលំបាកដែលឲ្យសមត្ថកិច្ចទៅវាយបំបែកឆ្នាំងបាយខ្លួន ឯងនោះ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299