ក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសទន្ទ្រានដីរដ្ឋនៅខេត្តពោធិ៍សាត់ ដែលមានរយៈពេល២១ថ្ងៃ គឺចាប់តាំងពីថ្ងៃទី១១ រហូតមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចចម្រុះ បានរុំព័ទ្ធដីដាក់ចូលជាទ្រព្យសម្បត្តិរដ្ឋវិញ ក្នុងទំហំប្រមាណជិត ១ម៉ឺនហិកតា ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងចំនួន ១៦ករណីទៅតុលាការ ខណៈពលរដ្ឋចំនួន ៨៥នាក់ដែលស៊ីឈ្នួលដាំដុះដំណាំឱ្យជនល្មើសត្រូវបានអប់រំ។ នេះបើតាមការឱ្យដឹងពី លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍បន្តថា ក្រៅតែពីការរុំព័ទ្ធដីដាក់ចូលជាទ្រព្យសម្បត្តិរដ្ឋ និងឃាត់ខ្លួនជនសង្ស័យ ក្នុងប្រតិបត្តិការដដែលនេះអាជ្ញាធរក៏បានរុះរើខ្ទមនៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីយកធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទមផងដែរ។ ជាងនេះទៅទៀត កម្លាំងចម្រុះក៏បានរឹបអូសសម្ភារ និងវត្ថុតាងជាច្រើនដែលរួមមាន រណាយន្ត៣១ គ្រឿង ម៉ូតូ១៥គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ១៥គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន ៨៥ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។ យោងតាមមាត្រា២៥៩ នៃច្បាប់ស្ដីពីការគ្រប់គ្រងដីធ្លី បានចែងថាបុគ្គលណាដែលរកឃើញថាបានចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ អាចជាប់ពន្ធនាគារពីមួយឆ្នាំទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលានទៅ៥០លានរៀល។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថាប្រតិបត្តិការទ្រង់ទ្រាយធំនេះ ផ្តើមចេញពីកិច្ចប្រជុំរវាងក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងកងរាជអាវុធហត្ថ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះក៏ត្រូវបានអនុវត្តតាមបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងលុបបំបាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ការពារ៕