ព័ត៌មានជាតិ

ស្ពានអាកាសក្បាលថ្នល់ ដាក់​ឱ្យ​ប្រើប្រាស់ជាបណ្តោះអាសន្ន​ ចាប់ពីថ្ងៃទី១ មេសា

យោ​ងតាមសេចក្តីជូនដំណឹង​របស់រដ្ឋបាលរាជធានីភ្នំពេញ​ឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាស មរតកតេជោ ជាន់ទី២ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុន្នីវង្ស ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤តទៅ។

ការដាក់​ឱ្យ​ប្រើប្រាស់​ជាបណ្តោះអាសន្ន​ស្ពានអាកាស​មករតកតេជោជាបណ្តោះអាសន្ននេះ គេរំពឹងថា នឹងជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិតនូវចំណុចផ្លូវប្រសព្វខាងក្រោមស្ពានអាកាសនេះ។

គួរឱ្យដឹងដែរថា ស្ពានអាកាសមរតកតេជោដែលមានកម្ពស់ពីរជាន់ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេតេជោ ហ៊ុន សែន ដោយមានក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជាជាអ្នកទទួលសាងសង់៕