សង្គម

ក្រសួងធនធានទឹក ៖ ចន្លោះថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០២៤ អាចនឹងមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា សម្ពាធទាបបន្ត​គ្របដណ្តប់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសថៃ ឈូង​សមុទ្រថៃ ភាគ​កណ្តាល នៃអាងទន្លេមេគង្គ និង​សមុទ្រចិនខាងត្បូង។

បើតាមក្រសួងធនធានទឹក ស្ថានភាពនេះ នឹងធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៤ អាច​នឹង​មានភ្លៀងធ្លាក់ ជាមួយ​ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ ក្នុងនោះ តំបន់វាល​ទំនាប សីតុណ្ហភាព​អាចមានពី ២៦ ដល់ ៣៨អង្សាសេ ខ្យល់​បក់មកពីទិសអាគ្នេយ៍ និង​ទិសនិរតី មានល្បឿន​មធ្យម ២ម៉ែត្រ/វិនាទី, អាច​មានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់​លើផ្ទៃដីពី ៣០-៤០%។

សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពអាចមានពី ២៤ ទៅ ៣៧អង្សាសេ ខ្យល់បក់មកពីទិសបូព៌ និង​ទិស​អាគ្នេយ៍​ មានល្បឿន​មធ្យម ២ម៉ែត្រ/វិនាទី ហើយ​អាចមានភ្លៀង​ធ្លាក់ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់​គ្របដណ្តប់​ផ្ទៃដីពី ២០-៤០%។

ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអាចមានពី ២៥ ទៅ៣៥អង្សាសេ ខ្យល់បក់​មក​ពីទិស​អាគ្នេយ៍ និង​ទិសនិរតី មានល្បឿន​មធ្យម ២ម៉ែត្រ/វិនាទី អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដីពី ៣០-៥០% ហើយ​រលកសមុទ្រ​មានកម្ពស់​មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់​មធ្យមអតិបរមា ១ម៉ែត្រ៕