សង្គម

សកម្មភាពកាប់និងដឹកឈើធ្វើឡើងជាចំហក្រោមខ្សែភ្នែកមន្ត្រីបរិស្ថាននៅលើផ្លូវជាតិលេខ ៧៦

ខេត្តមណ្ឌលគិរី÷ ដំណើរការដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរី តាម ផ្លូវជាតិលេខ៧៦ ក្នុងស្រុកអូររាំង,កែវសីមា..សព្វថ្ងៃនេះ ត្រូវមន្ត្រីស៊ីប្រាក់ខែរដ្ឋនៅថ្នាក់ក្រោម ដែលប្រតិបត្តិការផ្ទាល់អះអាងថា បានទទួលការបើកភ្លើងខៀវពីថ្នាក់ដឹក នាំខេត្ត និងគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេសរួចហើយ។ ហេតុដូច្នេះហើយបានជា គេសង្កេតឃើញថា សកម្មភាពដឹកឈើចេញពីតំបន់អភិរក្ស ដែនជម្រកសត្វព្រៃកែវសីមា នៅតែបន្តកើតមានជារៀងរាល់យប់។ គេមិនដឹងថា តើលោកថង សាវុន ចៅ ហ្វាយខេត្តមណ្ឌលគិរី បានដឹងថា មន្ត្រីនៅប្រចាំការលើដងផ្លូវជាតិលេច៧៦ កំពុងធ្វើអ្វីខ្លះទេ?

សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីការវិលត្រឡប់របស់ លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានពីទឹកដីខេត្តមណ្ឌលគីរី ឈ្មួញរកស៊ីដឹកជញ្ជូនឈើ រៀបចំដំណើរការឡើងវិញភ្លាមៗនោះដែរ។ ការដឹកឈើចេញពីតំបន់វាលម្រេច នៃស្នាក់ការបរិស្ថានអូររាំងក៏ចាប់ផ្ដើម ដែលនៅទីនោះជាជ្រោះជ្រៅ ដោយប្រើគ្រឿងចក្រយ៉ាងហោចណាស់២ ដឹកឈើចេញពីជ្រោះជ្រៅនៅតំបន់វាលម្រេច ទើបអាច យកឈើដែលកាប់អារួចបាន មកដាក់នៅទីកន្លែងអាចឲ្យរថយន្តសាំយ៉ុងចូលដឹកចេញបាន។

ប្រភពឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សកែវសីមា កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ដោយសារពួកឈ្មួញឃុបឃិត ជាមួយមន្ត្រីបរិស្ថានថ្នាក់ក្រោម។ រីឯប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឆៅ ប៊ុនធឿន ក៏ត្រូវពួកមន្ត្រីបរិស្ថាននៅតាមស្នាក់ការស៊ីដាច់ដែរ។ លោកឆៅ ប៊ុនធឿន មិនសូវស្គាល់ភូមិសាស្ត្រ ឬទីតាំងដែលមានឈើនៅសេសសល់នៅឡើយ។ ដូច្នេះ លោកមិន ដឹងថា តើពួកកូនចៅនៅក្រោមឱវាទកំពុងធ្វើអ្វីនោះទេ។ ជាក់ស្ដែង ពេលនេះព្រៃឈើនៅតំបន់វាលម្រេចតាមជ្រោះអូរងើយ ចន្លោះស្នាក់ការអូររាំងនិងស្នាក់ការរងអូប៉ាម ត្រូវពួកមន្ត្រីនៃស្នាក់ការទាំងពីរដឹកនាំដោយលោកកេត ចន្ថានិងប្លុង ចាន់ឌឿន បិទបាំងបទល្មើសឃុបឃិត ឲ្យឈ្មួញចុះកាប់ឈើយ៉ាងមហន្តរាយ។

លោកឆៅ ប៊ុនធឿន មិនធ្លាប់ចូលទៅដល់ជ្រោះជ្រៅ នៃតំបន់វាលម្រេច ដែលស្ថិតនៅចន្លោះស្នាក់ការអូរាំងនិងស្នាក់ការរងអូប៉ាមនោះទេ ។ មន្ត្រីឧទ្យានុរក្សនិងប្រធាន, អនុប្រធានស្នាក់ការ អូររាំងនិងអូរប៉ាម គប់គិតឲ្យមានបទល្មើស នៃការកាប់បំផ្លាញព្រៃឈើ នៅតំបន់អភិរក្សនេះ។ ពួកមន្ត្រីឧទ្យានុរក្ស នៅតាមស្នាក់ការជាអ្នកយកលុយពីឈ្មួញ ដោយមិនបានចែករំលែកផលប្រយោជន៍ ឲ្យលោក ឆៅ ប៊ុនធឿន នោះឡើយ។ ឥឡូវមកទៀតពួក មន្ត្រីបរិស្ថាន ដែលទទួលផលប្រយោជន៍ពីឈ្មួញដឹក ឈើបានព្យាយាមយកមេឃ មកទទួលខុសត្រូវ ពោលគឺយកថ្នាក់ដឹកនាំខេត្តមណ្ឌលគីរី និងគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិថា បានបើកឲ្យមាន ការដឹកជញ្ជូនឈើនេះ។

សេចក្តីរាយការណ៍ឲ្យដឹងថា លោកកេត ចន្ថា ប្រធានស្នាក់ការអូរាំង ដែលជាជនដៃស្ដាំរបស់លោកនាយកដែនជម្រកសត្វព្រៃកែវសីមា អមដោយអនុប្រធានស្នាក់ការអូរាំង លោកប្លុង ចាន់ឌឿន ឃុបឃិតឱ្យមានបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់វាលម្រេច នៃដែនជម្រក សត្វព្រៃកែវសីមាយ៉ាងមហន្តរាយ រយៈពេល១ខែនេះ។ នៅជិតនោះគឺស្នាក់ការរងអូប៉ាមដែលមាន ប្រធាន សយ សំណាង ជាជនមានរឿងអាស្រូវបាញ់ប្រជាពលរដ្ឋកាលនៅជាមេស្នាក់ការចំបក់។ ពួកអស់លោកទាំងនេះ ត្រូវគេខ្សឹបថា ជាអ្នកស៊ីលើ,ស៊ីក្រោម ឃុបឃិតជាមួយឈ្មួញ ដែលសូម្បីតែប្រធានមន្ទីរលោកឆៅ ប៊ុនធឿន ក៏មិនដឹងអំពីបទល្មើសកាប់ឈើ នៅតំបន់វាលម្រេចនេះផង។ ឥឡូវនេះពួកមន្ត្រីក្រោមៗបានដើរខ្សិបថា រឿងឈើនេះគឺថ្នាក់ខេត្តនិងគណៈកម្មការជាតិក៏ដឹងឮដែរ។

តើចៅហ្វាយខេត្តមណ្ឌលគិរីលោកថង សាវុន ក៏ដូចជាមន្ត្រី នៃគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិប្រចាំខេត្តមណ្ឌលគីរី បានដឹងអំពីអ្វីដែលពួកមន្ត្រីបរិស្ថាននៅតាមស្នាក់ការលើដងផ្លូវជាតិលេខ៧៦ កំពុងធ្វើដែរឬទេ? ឬមួយក៏ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីក៏ដូចជាគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិពិតជាបានបិទភ្នែកឲ្យមានបទល្មើសដែរ?៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840832/061881299