ខេត្តកំពង់ចាម÷ គ្រឿងឧបភោគបរិភោគបង្កកនាំចូលពីប្រទេសថៃ កំពុងអុកឡុកនៅខេត្តកំពង់ចាម ជាពិសេសតាមផ្សារ ដែលបង្កហានិភ័យយ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ អ្នក ប្រើប្រាស់។ រីឯអ្នកបានផលប្រយោជន៍ ពីមហន្តរាយនិងហានិភ័យសុខភាពអ្នកប្រើប្រាស់ គឺមន្ត្រីជំនាញមាន សមត្ថកិច្ចនៅខេត្តកំពង់ចាមតែម្ដង។ ចរាចរណ៍នៃការ ចែកចាយសាច់បង្កកឬគ្រឿងក្នុងបង្កក ធ្វើឡើងជាចំហនៅក្រុងកំពង់ចាមដោយមិនខ្វល់ ឬភ័យខ្លាចសមត្ថកិច្ចជំនាញនោះឡើយ។ យ៉ាងណាក៏ដោយគេមិនដឹងថាតើក្រុមគ្រួសារមន្ត្រីដែលពាក់ព័ន្ធនឹងការយកលុយពីឈ្មួញទទួលទានសាច់បង្កកនោះដែរឬយ៉ាងណាទេ?
ព្រលឹមស្រាងៗជារៀងរាល់ព្រឹក គេឃើញម៉ូតូច្រើនគ្រឿងនាំគ្នាដឹកសាច់,គ្រឿងក្នុង ជើងមាន់,ទាបង្កកមក ចែកតាមផ្សារនានានៅក្នុងក្រុងកំពង់ចាម។ក្រៅពីនេះ មានសេចក្តី រាយការណ៍ថា សាច់បង្កកទាំងនេះ ក៏ត្រូវបានចែកចាយ ទៅតាមបណ្ដាផ្សារផ្សេងៗទៀត នៅក្នុងខេត្ត ក៏ដូចជានាំ ទៅខេត្តត្បូងឃ្មុំនោះផងដែរ។ អ្វីដែលសំខាន់នៅទីនេះគឺសមត្ថកិច្ចជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នេសាទខេត្តកំពង់ចាម មិនដែលខ្វល់អំពីថា តើត្រូវបង្ក្រាបសាច់ទាំងនោះឬយ៉ាងណាទេ?។ សមត្ថកិច្ច នៅច្រកព្រំដែន បើកដៃឲ្យឈ្មួញនាំចូលសាច់គ្រឿង,បង្កកទាំងនេះ ជាបញ្ហាមួយ ប៉ុន្តែនៅពេលមកដល់ក្រុងកំពង់ចាម ហើយសមត្ថកិច្ចនៅទីនេះមិនបង្ក្រាបគឺជារឿងមួយទៀត?
នៅខាងក្រោយវាំងនននៃការមិនបង្ក្រាបសាច់,គ្រឿងបង្កកទាំងនេះ ធ្វើឲ្យមានការសង្ស័យថា សមត្ថកិច្ចជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជា ពិសេសការិយាល័យផលិតកម្មនិងបសុព្យាបាល ក្រោមការដឹកនាំគ្រប់គ្រងរបស់លោកនង ម៉េងហ៊ាង ហេតុអ្វីក៏លោកនៅស្ងៀម? លោកស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម មិនបានដឹងអំពីរឿងនេះទេឬ?ទាំងលោក ប្រធានមន្ទីរ,ទាំងលោកប្រធាន ការិយាល័យផលិតកម្មនិងបសុព្យាបាល ប្រាកដទេថា បងប្អូនសាច់ញាតិរបស់លោកមិនទទួលទានគ្រឿងក្នុង,សាច់បង្កកទាំងនោះ?
ភាពមិនដឹងមិនឮ របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ចាម ធ្វើឲ្យមានមន្ទិលថាអស់លោកទទួលបានលាភសក្ការៈពីថៅកែ នាំគ្រឿងក្នុងសាច់បង្កកទាំងនោះ ចូលមកចែកចាយ លក់ពេញខេត្តកំពង់ចាម,ត្បូងឃ្មុំ។ លោកនង ម៉េងហ៊ាង ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងបញ្ហាពុករលួយ នៅតាមទីសត្តឃាត ក្នុងខេត្តកំពង់ចាមម្ដងរួចហើយ។ ទោះជាមានភស្តុតាង យ៉ាងណាក៏ដោយ ក៏ខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម មិនអាចចាត់ការ លោកប្រធានការិយាល័យបាននោះដែរ។ មកដល់ពេលនេះ គេកំពុងរង់ចាំមើលចំណាត់ការខាងក្រសួងកសិកម្ម វិញម្ដង ប៉ុន្តែហាក់ដូចជាស្ងាត់ដដែល។
នៅពេលដែលសាច់,គ្រឿងក្នុងបង្កក ត្រូវបានចែកចាយនៅតាមទីផ្សារនោះ ប្រជាពលរដ្ឋមិនដឹងថា វាជាប្រភេទសាច់ដែលបង្កគ្រោះថ្នាក់អ្វីនោះទេ។ មានតែសមត្ថកិច្ច ជំនាញប៉ុណ្ណោះដែលអាចដឹងបាន។ ដូច្នេះ បើសមត្ថកិច្ចជំនាញបណ្ដែតបណ្ដោយឲ្យសាច់បង្កក វាយលុកគ្រប់ទី ផ្សារ នៅក្នុងប្រទេស(ក្នុងខេត្ត) ដូច្នេះ អ្នកដែលរងគ្រោះពិតប្រាកដគឺប្រជាពលរដ្ឋក្រីក្រនិងអ្នកដែរមិនដឹងថា តើនោះជាសាច់,គ្រឿងក្នុងបង្កក ឬជាផលិតផលក្នុងស្រុក? ករណីនេះតើលោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានឃើញដែរឬទេ? ប្រសិនបើលោក ចំណាយពេលដើរហាត់ប្រាណតាមសួនច្បាប់ពេលព្រឹកៗ នោះនឹងប្រទះ ឃើញម៉ូតូច្រើនគ្រឿង ដឹកគ្រឿងក្នុង,សាច់បង្កកទាំង នោះមិនខានឡើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299