សង្គម

អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ករណីក្រុមហ៊ុន CIC មិន​ដូចករណី​រឿង ឡេង ចាន់ណា

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​រសៀល​ថ្ងៃទី២៥ មីនា នេះ បានបញ្ជាក់ថា ករណីរឿងក្រុមហ៊ុន CIC ដែលមហាជនកំពុងវែកញែក​នៅ​លើ​បណ្តាញ​សង្គម​ថា ជាករណីបោកប្រាស់លុយនោះ គឺ​ពុំ​មែន​ដូច​ករណី​រឿង ឡេង ចាន់ណា ដែលជា​ករណី​សំណុំ​រឿង​បោកប្រាស់នោះទេ ដោយ​ករណី​រឿងក្រុមហ៊ុន CIC គឺជា​ក្រុមហ៊ុន​ដែលមាន​ការ​ចុះ​បញ្ជី​ដើម្បីធ្វើការវិនិយោគ មាន​ក្រុមប្រឹក្សា​ភិបាល​គ្រប់គ្រងច្បាស់លាស់ និង​មាន​ស្ថាប័ន​សមត្ថកិច្ច​ត្រួតពិនិត្យ​កិច្ច​ការ​នេះ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌បន្តថា កន្លងមក, តាមអ្វីដែលបានដឹង គឺ ស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះ ជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។

ជាមួយគ្នា លោក ជិន ម៉ាលីន បានស្នើ​ឱ្យ​រង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ ពិសេស ត្រូវបានលើកទឹកចិត្តក្នុងការរកដំណោះស្រាយមួយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកវិនិយោគក្នុងគ្រាដែលក្រុមហ៊ុនកំពុងជួបការលំបាក៕