សង្គម

ក្រសួងវប្បធម៌​ប្រាប់ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស សុំទោសជាសាធារណៈ ករណីផ្សាយព័ត៌មាន​​ពាក់ព័ន្ធនឹងការធ្វើ «សង្រ្កាន្ត»

ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​នៅថ្ងៃនេះ បានផ្ញើលិខិត​មួយ​ច្បាប់​ទៅ​កាន់អគ្គនាយកទូរទស្សន៍​ហង្សមាស ក្រោយ​ពី​មានការផ្សាយ​ព័ត៌មាន ដែលអត្ថាធិប្បាយ​ដោយ​លោក មាស​ រិទ្ធី ដែលថា កម្ពុជាឈប់​ធ្វើ​សង្រ្កាន្ត ព្រោះថៃ​បាន​ចុះ​បញ្ជី​ជាបេតិកភណ្ឌអរូបីរួចហើយ។

លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ លើកឡើងថា សង្រ្កាន្ត ជាពាក្យ​សំស្រ្កឹត​មាន​ប្រភព​មក​ពី​ឥណ្ឌា និង​មាន​ន័យថា រង្វិល​ជុំនៃពេលវេលា​ពេញ​មួយ​ឆ្នាំ ហើយ​ពាក្យ​សង្រ្កាន្ត មាននៅ​លើសិលាចារឹក​នានា​តាម​ប្រាសាទ​នៅ​តំបន់​អង្គរ។ មន្រ្តីរូបនេះបន្តថា វិធីសង្រ្កាន្ត​បាន​ក្លាយ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់ ដែលបាន​ប្រារព្ធ​រៀបចំ​ដោយ​ប្រទេស​មួយ​ចំនួន​ដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម ហើយ​ការ​ចុះ​បញ្ជី​ជា​បេតិកភណ្ឌអរូបី​របស់​ប្រទេស​មួយ នឹង​មិន​ប៉ះពាល់​ដល់​ការ​ចុះ​បញ្ជី និង​ការ​ប្រារព្ធ​របស់បណ្តា​ប្រទេស​ផ្សេងទៀត​ទៅ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​រៀងៗ​នោះឡើយ។

លោក ស៊ុំ ម៉ាប់ បញ្ជាក់ថា លោក មាស រិទ្ធី បានធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវ ខ្វះចំណេះដឹងលើវិស័យនេះ និងខ្វះការពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយកឈ្មោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើជាអំណះអំណាងបន្ថែមទៀត។ ការអត្ថាធិប្បាយនេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ ដ៏ផូរផង់របស់ជាតិ។ ជាពិសេសបានបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅព្រមទាំងភាពរសើប និងភាពជ្រួលច្របល់ក្នុងសង្គម។

ដូច្នេះ ក្រសួងវប្បធម៌ស្នើដល់ ស្ថានីយ៍ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV ចាត់វិធានការបន្ទាន់ លុបព័ត៌មានមិនពិតនោះ ទប់ស្កាត់ចែកចាយបន្ត និង​ត្រូវ​សុំ​ទោស​ជា​សាធារណៈ​ឱ្យ​បានឆប់បំផុត៕