ខេត្តមណ្ឌលគីរី÷ បន្ទាប់ពីការវិលត្រឡប់របស់ លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពីទឹកដីនៃខេត្តមណ្ឌលគីរី សេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មួញរកស៊ីដឹកជញ្ជូនឈើបានរៀបចំដំណើរការឡើងវិញ យប់ថ្ងៃទី២៤ ខែមីនា នេះតទៅ។ ការដឹកចេញនៃឈើចេញពីតំបន់វាលម្រេចនៃស្នាក់ការបរិស្ថានអូររាំង ក្រោមការត្រួតពិនិត្យរបស់លោកកេត ចន្ថា និងលោកប្លុង ចាន់ឌឿន ក៏ចាប់ដំណើរការដែរ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សកែវសីមា កំពុងកើត មានយ៉ាងគគ្រឹកគគ្រេង ដោយសារពួកឈ្មួញឃុបឃិត ជាមួយមន្ត្រីបរិស្ថានថ្នាក់ក្រោម។ រីឯប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឆៅ ប៊ុនធឿន ក៏ត្រូវពួកមន្ត្រីបរិស្ថាននៅតាមស្នាក់ការស៊ីដាច់ដែរ។ លោកឆៅ ប៊ុនធឿន មិនសូវស្គាល់ភូមិសាស្ត្រទីតាំងដែលមានឈើនៅសេសសល់នៅឡើយ។ ដូច្នេះ លោកមិនដឹងថា តើពួកកូនចៅនៅក្រោមឱវាទកំពុងធ្វើអ្វីនោះទេ។ ជាក់ស្ដែង ពេលនេះព្រៃឈើនៅតំបន់វាលម្រេច នៃជ្រោះអូរងើយ ចន្លោះស្នាក់ការអូររាំង និងស្នាក់ការរងអូប៉ាម ត្រូវពួកមន្ត្រី នៃស្នាក់ការទាំងពីរដឹកនាំដោយលោកកេត ចន្ថានិងប្លុង ចាន់ឌឿន បិទបាំងបទល្មើសឃុបឃិតឲ្យឈ្មួញចុះកាប់ឈើយ៉ាងមហន្តរាយ។
លោកប្រធានមន្ទីរ ឆៅ ប៊ុនធឿន កំពុងចាត់វិធានការឲ្យអាម៉ីអាថោង បង្ក្រាបឲ្យមានប្រសិទ្ធភាពចំពោះការកាប់រានដីព្រៃ ស្របពេលដែលមានសេចក្តីរាយការណ៍ថា សកម្មភាពកាប់ឈើ នៅតំបន់អភិរក្សកំពុងកើតឡើងយ៉ាងសកម្មក្នុងដែនជម្រកសត្វព្រៃកែវ សីមា ជាពិសេសនៅតំបន់វាលម្រេចនោះតែម្តង។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកឆៅ ប៊ុនធឿន មិនធ្លាប់បានចូលទៅដល់ជ្រោះជ្រៅនៃតំបន់វាលម្រេច ដែលស្ថិតនៅចន្លោះស្នាក់ការអូរាំងនិងស្នាក់ការរងអូប៉ាមនោះទេ ។ មន្ត្រីឧទ្យានុរក្សនិងប្រធាន,អនុប្រធានស្នាក់ការអូររាំងនិងអូរប៉ាមជាអ្នកបិទភ្នែកឲ្យមានបទល្មើស នៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សនេះ។ ពួកមន្ត្រីឧទ្យានុរក្ស នៅតាមស្នាក់ការជាអ្នកយកលុយពីឈ្មួញដោយមិនបានចែករំលែកផល ប្រយោជន៍ឲ្យលោក ឆៅ ប៊ុនធឿន នោះឡើយ។
សេចក្តីរាយការណ៍ឲ្យដឹងថា លោកកេត ចន្ថា ប្រធានស្នាក់ការអូរាំង ដែលជាជនដៃស្ដាំរបស់លោកនាយកដែនជម្រកសត្វព្រៃកែវសីមា អមដោយអនុប្រធានស្នាក់ការអូរាំង លោកប្លុង ចាន់ឌឿន ឃុបឃិតឱ្យមានបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់វាលម្រេច នៃដែនជម្រក សត្វព្រៃកែវសីមាយ៉ាងមហន្តរាយ រយៈពេល១ខែនេះ។ នៅជិតនោះគឺស្នាក់ការរងអូប៉ាមដែលគាំពារដោយលោកប្រធាន សយ សំណាង ជាមនុស្សធ្លាប់មានរឿងអាស្រូវបាញ់ប្រជាពលរដ្ឋកាលនៅជាមេស្នាក់ការចំបក់។ ពួកអស់លោកទាំងនេះត្រូវគេខ្សឹបថា ជាអ្នកស៊ីលើ,ស៊ីក្រោមឃុបឃិតជាមួយឈ្មួញ ដែលសូម្បីតែប្រធានមន្ទីរលោកឆៅ ប៊ុនធឿន ក៏មិនដឹងអំពីបទល្មើសកាប់ឈើ នៅតំបន់វាលម្រេចនេះផង។ លោក ឆៅ ប៊ុនធឿន បើសឿង គួរតែបញ្ជាឲ្យលោកប្លុងចាន់ឌឿន ជូនខ្លួនទៅមើលព្រៃឈើនៅតំបន់វាលម្រេចនោះម្ដងទៅទើបដឹងថា កូនចៅក្រោម បង្គាប់ ស៊ីលើខ្លួនយ៉ាងណាខ្លះ។
នៅទីនោះគេរាយការណ៍ថា ជាជ្រោះជ្រៅដែលមាននៅសេសសល់ប្រភេទឈើប្រណិតច្រើនគួរសម។ យ៉ាង ហោចណាស់គ្រឿងចក្រ២គ្រឿង សម្រាប់បម្រើឲ្យការលើក,ជញ្ជូនឈើ ដែលត្រូវឆ្លងកាត់ផ្លូវលំបាក ជ្រោះជ្រៅកំពុងបង្កប់នៅក្នុងតំបន់វាលម្រេច។ នៅទីនោះគឺមានមន្ត្រីបរិស្ថាននៃស្នាក់ការអូរាំងលោកប្លុង ចាន់ឌឿន ត្រូវគេខ្សឹបថា ជាអ្នកដែលជិតដិតជាមួយឈ្មួញរកស៊ីដឹក ជញ្ជូនឈើដ៏ល្បីឈ្មោះម្នាក់រស់នៅក្នុងតំបន់ទីប្រជុំជនកែវសីមា។ ទិដ្ឋភាពបែបនេះគឺជាមហន្តរាយដ៏ធំនៅក្នុងឆ្នាំ២០២៤ នៃដែនជម្រកសត្វព្រៃកែវសីមា ។
ឈ្មួញរកស៊ីឈើប្រើគ្រប់វិធី ដើម្បីយកឈើចេញពីតំបន់ជ្រោះជ្រៅវាលម្រេច។ អាម៉ីអាថោង នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានខ្សឹបថារឿងនៅតំបន់វាលម្រេចថិតក្រោមការទទួលខុសត្រូវរបស់លោកនាយកដែនជម្រកសត្វព្រៃកែវសីមា និងអ្នកប្រតិបត្តិការផ្ទាល់ជាមួយឈ្មួញម្នាក់ គឺលោកកេតចន្ថា ប្រធានស្នាក់ការអូរាំង អមដោយអនុ ប្រធានលោកប្លុង ចាន់ឌឿន ។ លោកកេត ចន្ថា ត្រូវគេប្រាប់ថាជាមនុស្សរបស់លោកនាយកដែនជម្រកសត្វព្រៃកែវសីមា។ លោកប្លុង ចាន់ឌឿន ជាមនុស្សដែលមានសមត្ថភាពធ្វើការងារកាន់កុំព្យូទ័រ ដូច្នេះជាអ្នកធ្វើរបាយ ការណ៍បោកប្រាស់ជូនប្រធានមន្ទីរ។ សរុបទៅរឿងនៅតំបន់វាលម្រេចលោកឆៅ ប៊ុនធឿន មិនដឹងទេ។
ទោះយ៉ាងណាក៏ដោយ ការមិនដឹងគ្រប់ពេលវេលារបស់លោកឆៅ ប៊ុនធឿន ធ្វើឲ្យពួកមន្ត្រីក្រោមបង្គាប់ជិះសេះ លែងដៃ ក្នុងផលប្រយោជន៍ដែលបានបន្តិចបន្តួចឲ្យទៅលោកប្រធានមន្ទីរ។ ប៉ុន្តែលោកប្រធានមន្ទីរបានសម្រេចកិច្ចការដ៏ធំមួយគឺសង់លំនៅឋានរួចរាល់អស់ហើយ បើទោះបីជាលោកបានទទួលលាភសក្ការៈតិចតួច ជាងពួកមន្ត្រីក្រោមបង្គាប់ក៏ដោយ។ លោកឆៅ ប៊ុនធឿនសូម្បីតែជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថានឋានៈជារដ្ឋលេខាធិការក៏លោកនៅតែឆ្លើយភាសា១ម៉ាត់ថា “បាទមិនដឹង, មិន បានដឹង,អត់ដឹង”ទេ ឯកឧត្តម !។ បើ មិនដឹង គ្រប់ពេលយ៉ាងដូច្នេះ តើក្រសួងបរិស្ថាន គួរទុកគាត់ឲ្យនៅធ្វើការ ដើម្បីតែ “មិនដឹង”រហូតទៅឬយ៉ាងណា?៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299