ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២ករណីបន្ថែមទៀត។
បើតាមក្រសួង ករណីថ្មីទាំង២ករណីនេះ គឺមានបុរសជនជាតិបារាំងម្នាក់ និងស្រ្តីជនជាតិឥណ្ឌាម្នាក់។
សម្រាប់បុរសជនជាតិបារាំង មានអាយុ២៧ឆ្នាំ ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាអ្នកដំណើរពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសាំងហ្គាពួ តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ បុរសជនជាតិបារាំងរូបនេះបានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន២យប់ដើម្បីរង់ចាំលទ្ធផលតេស្តលើកទី១ បន្ទាប់មកនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ គាត់បានចេញដំណើរពីរាជធានីភ្នំពេញតាមរថយន្ត Larryta Minibus នៅវេលាម៉ោង ៦ និង៣០នាទីល្ងាច ទៅកាន់ខេត្តសៀមរាប ដោយរថយន្តនោះជិះគ្នា៤នាក់ គឺបុរសជនជាតិបារាំង អ្នកដំណើរ២នាក់ និងអ្នកបើកបរ ដោយបុរសជនជាតិបារាំងបានជិះនៅកៅអីខាងក្រោយគេបង្អស់ ព្រមទាំងបានពាក់ម៉ាស់ជាប់រហូតផងដែរ។
យ៉ាងណាក៏ដោយ ក្រសួងបានបញ្ជាក់ថា សម្រាប់អ្នកដែលប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិបារាំងនោះ គេបានរកឃើញចំនួន៣នាក់ ក្នុងនោះបុគ្គលិក២នាក់ និងបុរសជាមិត្តភ័ក្ត១នាក់ ហើយអ្នកប៉ះពាល់ប្រយោលបានរកឃើញចំនួន ១០នាក់។
សម្រាប់ស្រ្តីជនជាតិឥណ្ឌា មានអាយុ ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសឥណ្ឌា តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីធ្វើតេស្តលើកទី១ អវិជ្ជមានកូវីដ១៩ គាត់បានបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅក្នុងសណ្ឋាគារខាងលើនេះ ហើយកូនគាត់២នាក់ក៏ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែក ហើយថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ការធ្វើតេស្តបានបង្ហាញថា គាត់មានវីរុសកូវីដ១៩ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕