ព័ត៌មានជាតិ

ព្រៃឈើទំហំ២ទៅ៣ពាន់ហិចតាមត្រូវបានរកឃើញថាបានកាប់ផ្ដួលដុតបំផ្លាញដើម្បីរុករានយកដីនៅក្នុងស្រុកពេជ្រាដា

ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសរុករានដីព្រៃរដ្ឋយកជាកម្មសិទ្ឋផ្ទាល់ខ្លួនព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤ ដឹកនាំបញ្ជាដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញាររងអយ្យការអអមសាលាដំបូងខេត្តមណ្ឌលគិរី ដោយរកឃើញទីតាំងឈូសឆាយដីព្រៃទំហំរាប់ពាន់ហិចតា ។

សេចក្តីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចបានរកឃើញទីតាំងដីព្រៃរបស់រដ្ឋរាប់សិបកន្លែង ក្នុងទំហំច្រើនពាន់
ហិកតា ត្រូវគេអារកាប់ផ្តួលព្រៃឈើរដូករណែល រួចដុត ឆេះផ្សែងហុយពេញអាកាសគួរឲ្យសង្វែកបំផុត។ ទីតាំងដែលកម្លាំងប្រតិបត្តិការបង្ក្រាបរកឃើញមានសកម្មភាព កាប់រានដីព្រៃដ៏មហាសាលខាងលើ ដែលអាចហៅបានថា ជាវិនាសសកម្មព្រៃឈើនាដើមឆ្នាំ២០២៤នេះ គឺស្ថិត នៅភូមិសាស្ត្រឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីដែលទំនងទទួលបានភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន ដ្បិតទីតាំងកាប់រានដីព្រៃរដ្ឋធ្វើកម្មសិទ្ឋបុគ្គលនេះ ស្ថិតមិនឆ្ងាយពីប្រជុំជនស្រុកពេជ្រាដា ដែលបណ្តុំទៅដោយស្ថាប័នកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុក ប៉ុន្តែសកម្មភាពល្មើសច្បាប់ទាំងនោះ បែរ ជាគ្មានការបង្ក្រាបឬទប់ស្កាត់ទេនាពេលកន្លងមក ។

ដីព្រៃភាគច្រើនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់បរិស្ថានដែលត្រូវគេកាប់អាផ្ដួល,ដុតដើម្បីទន្ទ្រានយកដី។ ករណីអាផ្ដួលដីនៅក្នុងដែនសមត្ថកិច្ចបរិស្ថាន បើគ្មានការឃុប ឃិតពីមន្ត្រីជំនាញទេ គឺពិតជាមិនអាចធ្វើបានដោយ ងាយៗនោះឡើយ។ ជាក់ស្ដែង គេរកឃើញយ៉ាងហោច ណាស់ការដុតបំផ្លាញព្រៃឈើ នៅក្នុងដែនសមត្ថកិច្ចបរិស្ថានពីរកន្លែងនៅស្រុកពេជ្រាដា និងស្រុកអូរាំងកាល ពីពេលកន្លងទៅ។ យ៉ាងណាក៏ដោយ នៅមិនទាន់មានវិធានការយ៉ាងណានៅឡើយ ចំពោះមន្ត្រីដែលឃុបឃិតឲ្យមានបទល្មើសនៃការកាប់បំផ្លាញនេះទេ។ គេរំពឹងថាសមត្ថកិច្ចជំនាញខាងស្ថាប័នតុលាការ និងរដ្ឋបាលខេត្ត មណ្ឌលគិរី ក៏ដូចជាគណៈកម្មការបង្ក្រាបទល្មើសធន ធានធម្មជាតិ មិនបណ្ដោយឲ្យរឿងនេះចប់ត្រឹមនេះទេ។

ស្ថានភាពនៃការកាប់រានដីព្រៃនេះគឺលំបាកណាស់ដែរថាអាជ្ញាធរស្រុកពេជ្រាដាមិនដឹង ករណីនេះលុះត្រាមានព័ត៌មានបែកធ្លាយដល់រដ្ឋបាលខេត្ត ទើបកម្លាំងសមត្ថនកិច្ច ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងចុះបង្ក្រាបស្ទើរមិនទាន់ពេល ព្រោះដីព្រៃមួយភាគធំបានរងការកាប់បំផ្លាញសល់តែផេះរួចទៅហើយ។ ទោះជាយ៉ាង ណាគិតត្រឹមល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ គេនៅមិនទាន់ដឹងអំពីទំហំផ្ទៃដីព្រៃដែលកាប់ផ្ដួលដុត ជាក់ ស្តែងដែលកម្លាំងសមត្ថកិច្ចបង្ក្រាបនេះទេ។ ប៉ុន្តែតាមការប៉ាន់ស្មាន សកម្មភាពនៃការឈូសឆាយដីព្រៃនៅក្នុងស្រុកពេជ្រាដានិងមួយផ្នែកនៅស្រុកអូររាំងមានទំហំខ្ទង់ ពាន់ហិចតា។

តាមការបញ្ជាក់ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីថា ប្រតិបត្តិការនៅតែបន្តរាល់ថ្ងៃរហូតអាចគ្រប់គ្រងសភាពការណ៍ បទល្មើសនៅចំនុចទាំង នោះបានទាំងស្រុង និងបូកសរុបរបាយការណ៍ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។ ដោយឡែកអ្នកជាប់ពាក់ព័ន្ឋ ឬអ្នកធ្វើសកម្មភាពផ្ទាល់ សមត្ថកិច្ចពិបាកក្នុងការតាមចាប់ខ្លួន ដ្បិតភូមិសាស្ត្រស្មុគស្មាញព្រៃធំ ម៉្យាងសកម្មភាពរបស់កម្លាំង ទើបចុះដល់ពួកគេរត់គេចខ្លួនបានអស់តែម្តង។

តាមព័ត៌មានក្រៅផ្លូវការ ផ្ទៃដីព្រៃដ៏ធំល្វឹងល្វើយមានដើមឈើធំៗ ដែលត្រូវជនអគិតិកាប់រានបំផ្លាញ គ្មានសេស សល់នេះ អាចមានទំហំប្រមាណ២ពាន់,៣ពាន់ហិកតាឯណោះ។ ចំណែកអ្នកប្រព្រឹត្តនិងអ្នកពាក់ព័ន្ឋ ប្រាកដណាស់គេជឿជាក់ថា មិនអាចគេចរួចពីសំណាញ់ច្បាប់ឡើយ ព្រោះប្រតិបត្តិការនេះទទួលបានការយកចិត្តទុក ដាក់ជាខ្លាំងពីអភិបាលខេត្តមណ្ឌលគិរី ដែលជាយុទ្ឋនាការបោសសម្អាតអ្នកបំផ្លាញធនធានធម្មជាតិ ដើម្បីដាក់ទោសពួកគេទៅតាមផ្លូវច្បាប់៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299