ខេត្តតាកែវ៖ តាមការបញ្ជាក់ពីស្រ្តីម្នាក់ឈ្មោះ ជូ ដានី អាយុ៤២ ឆ្នាំ មុខរបរកសិករ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះថា មានប្តីប្រពន្ធមួយគូរជាអ្នកភូមិផងរបងជាមួយគ្នាមកពឹងពាក់ខ្ចីលុយគាត់យកទៅដោះស្រាយជីវភាព ២ឬ ៣ សប្តាហ៍ នឹងសងត្រឡប់ តែមកដល់ថ្ងៃនេះ កន្លងទៅជាច្រើនខែហើយមិនសង មិនតែប៉ុណ្ណោះ នៅតាមរករឿងគាត់ទៀត។
ម្ចាស់លុយរៀបរាប់បន្ថែមថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ មានប្តីប្រពន្ធមួយគូរដែលប្ដី ឈ្មោះ ចើ ហនមានមុខរបបជាមន្ត្រីនគរបាល និង ប្រពន្ធ ឈ្មោះ មាន សុជាតិ ហៅម៉ាប់ បានមកសុំខ្ចីលុយដើម្បីយកទៅមើលម្តាយឈឺដោយទុក ម៉ូតូមួយគ្រឿងម៉ាក ADV ដែលមានស្លាកលេខ 1JX 0907 ជាថ្នូក្នុងទឹកប្រាក់១៥០០ដុល្លារ យកជាបីណាក់កាល លេីកទី១ចំនួន ១១០០ដុល្លារ លេីកទី២ចំនួន១០០ដុល្លារ និងលេីកទី៣ចំនួន៣០០ដុល្លារ ដោយបានធ្វេីកិច្ចសន្យាផ្តិតមេដៃ ជាលាយលក្ខអក្សរដោយសុំខ្ចីប្រាក់តែ៣សប្តាហ៍ និងសងវិញគ្រប់ចំនួនថែមទាំងឲ្យការប្រាក់ទៀតផង។ កន្លងផុតទៅជាច្រើនខែមិនសងលុយហើយ ថែមទាំងបានបោះពាក្យសម្តីមកវិញថា ចង់ទៅប្តឹងដល់ណាទៅទៅប្តឹងទៅគេមិនខ្លាចទេ។
ស្រ្តីរងគ្រោះក៏បានសុំណូមពរដល់សមត្ថកិច្ចជួយពន្លឿនការដោះស្រាយជូនគាត់ផងព្រោះគាត់បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ កុំឲ្យអស់លុយហើយគេមករករឿងចង់យកម៉ូតូទៅវិញទទេៗទៀត។
ករណីនេះដែរលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានបញ្ជាក់ប្រាប់តាមប្រព័ន្ធតេឡេក្រាមថា កម្លាំងជំនាញលោកបានធ្វើការកោះហៅភាគីទាំងសងខាងមកធ្វើការសម្របសម្រួលចំនួន៣លើករួចមកហើយតែអ្នកខ្ចីលុយដែលជាម្ចាស់ម៉ូតូមិនចូលខ្លួនមកឡើយ គឺមកតែស្ត្រីរងគ្រោះដែលជាម្ចាស់លុយ។ ដូច្នេះជំនាញលោកនឹងបញ្ជូនសំណុំរឿងនេះទៅការិយាល័យព្រហ្មទណ្ទកម្រឹតស្រាលខេត្តដើម្បីចាត់ការបន្ត។ ដោយឡែកលោកវរសេនីយ៍ឯក យុង ញីវ នាយការិយាល័យព្រហ្មទណ្ទកម្រឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងផងដែរថា ករណីខាងលើនេះខាងនគរបាលស្រុកបាទីមិនទាន់បញ្ជូនសំណុំរឿងមកដល់ដៃលោកនៅឡើយទេ៕