សង្គម

សកម្មភាពកាប់ឈើក្នុងដែនជម្រកកែវសីមានៅតែបន្ត ដំណើរការដោយមិនខ្វល់ ខណៈរដ្ឋមន្ត្រីក្រសួងបរិស្ថាននឹងទៅទីនោះ ប៉ុន្មានថ្ងៃទៀតនេះ

ខេត្តមណ្ឌលគិរី÷ ពួកឈ្មួញរកស៊ីកាប់ឈើ ដែលធ្វើសកម្មភាពនៅតំបន់ដែនអភិរក្សកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅតែមិនខ្វល់,មិនញញើតចំពោះដំណើរការងាររបស់ខ្លួន ស្របពេលមានសេចក្តីរាយការណ៍ថា ពួកឈ្មួញដែលធ្លាប់ធ្វើសកម្មភាពដឹកជញ្ជូនពេលយប់ បានផ្អាកហើយ។ អ្វីដែលគេចាប់ អារម្មណ៍នោះគឺក្រុមអ្នកកាសែត បានទៅថតដោយផ្ទាល់ អំពីគំនរឈើនិងដើមឈើដែលទើបតែអារផ្ដួលដើមឈើធំៗនិងអារច្រៀករួចថ្មីៗ។

វីដេអូដែលត្រូវបានផ្សព្វផ្សាយ រយៈពេលជាង៣នាទីឲ្យ ដឹងថា ទីតាំងដែលគេកាប់ឈើនោះនៅតំបន់ទួលពង្រ ស្ថិតនៅចន្លោះឃុំស្រែឈូក និងឃុំស្រែព្រះ ដែលទីតាំងនេះក្រោមការគ្រប់គ្រងស្នាក់ការពូគង់នៃដែនជម្រកសត្វ ព្រៃកែវសីមា។ ដើមឈើដែលអាផ្ដួលនោះ គឺជាប្រភេទស្រឡៅដែលមានមុខកាត់ធំៗ យ៉ាងហោចណាស់ឱបពីរជុំ។ គេបានត្រឹមតែឃើញកម្ទេចឈើដែលអារួចថ្មីៗនិងគល់ឈើធំៗដែលនៅសើមៗស្នាមរណានៅឡើយ។ ឈើមួយចំនួនត្រូវបានជ្រៀករួចជាស្រេច ទំនងជាសម្រាប់ធ្វើគ្រឿងផ្ទះ។

បើតាមប្រភពឲ្យដឹងថា នៅតាមបណ្ដាស្នាក់ការដែលគ្រប់គ្រងដោយមន្ត្រីនិងឧទ្យានុរក្ស ភាគច្រើនជាមនុស្សរបស់លោកនាយកដែន(ប្រធានការិយាល័យដែនជម្រក សត្វព្រៃកែវសីមា)។មន្ត្រីជាប្រធានស្នាក់ការ តួយ៉ាងដូចជាប្រធានស្នាក់ការស្រែឈូក,ប្រធានស្នាក់ការស្រែព្រះ និងប្រធានស្នាក់ការពូគង់..ជាមនុស្សវ័យក្មេង ហើយជិតស្និតជាមួយលោកប្រធានដែន។ បើនិយាយថា ជាការលួចឆ្មក់អាផ្ដួលរួចច្រៀកដឹកចេញ ក៏ហាក់ដូចជាមិនសមដែរ។ ពីព្រោះដំណើរការនៃការដឹកជញ្ជូនឈើមិនងាយស្រួលដូចដឹកគ្រឿងញៀន១,២គ្រាប់នោះទេ។

បើតាមប្រភពឲ្យដឹងថា លោកម៉ាន ហ្វាអ៊ីលីន,លោក ញឹម តុលា និងលោកមិន ចាន់រិន..ក៏ដូចជា លោកកេតចន្ថា ,ប្លុង ចាន់ឌឿន នៅឯស្នាក់ការអូររាំងឯណោះ ក៏ជាមនុស្ស របស់លោកប្រធានការិយាល័យដែនជម្រកសត្វ ព្រៃកែវសីមានេះដែរ។ ដូច្នេះវាជាការលំបាក បើនិយាយថា មិនដឹងអំពីករណីកាប់ឈើនៅតំបន់ទួលពង្រក្បែរស្នាក់ការពូគង់ ពីព្រោះមន្ត្រីក្រោមឱវាទរបស់លោក នាយកដែន ជាអ្នកដែលស្គាល់ភូមិសាស្ត្រ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងច្បាស់លាស់។ ហើយគេមិនអាចនិយាយថា វាជាការត្រូវគ្នារវាងមន្ត្រីបរិស្ថាននិងឈ្មួញ ណ្ដាលដែលមានការកាប់ឈើនៅតំបន់ទួលពង្រនោះទេ?

យ៉ាងណាក៏ដោយ ពួកគេហាក់ដូចជាមិនញញើតទាល់ តែសោះនៅគ្រាដែលនរណាក៏ដឹងថា លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត នៃក្រសួងបរិស្ថាននឹងអញ្ជើញទៅពិនិត្យមើលវឌ្ឍនភាពនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ពិសេសបញ្ហានៃការកាប់រាន,ឈូសឆាយដីព្រៃ និងការកាប់បំផ្លាញព្រៃ ឈើជាដើមនោះ។ ព្រោះថា ក្រោមការដឹកនាំរបស់លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីសកម្ម ភាពនៃការកាប់បំផ្លាញព្រៃឈើ មើលទៅហាកដូចជាមិនថមថយសោះ។ គ្មានអ្វីរីកចម្រើនគួរឲ្យកត់សម្គាល់ទេ គឺមានតែលំនៅឋាន របស់លោកប្រធានមន្ទីរប៉ុណ្ណោះដែលសង់រួចរាល់។

ងាកមកមើលបញ្ហាបទល្មើស នៅតំបន់អភិរក្សកែវសីមាឯណេះវិញ ក្រៅពីអ្នកកាសែត ដែលថតទិដ្ឋភាពផ្ទាល់អំពីសកម្មភាពកាប់ឈើ នៅតំបន់ទួលពង្រនៅក្នុងដែនសមត្ថកិច្ចស្នាក់ការពូគង់នោះ សកម្មភាពកាប់ឈើនៅវាលម្រេច ដែលស្ថិតនៅចន្លោះស្នាក់ការអូររាំងនិងស្នាក់ការរងអូប៉ាម ក៏កំពុងកើតមានឡើងយ៉ាងគគ្រឹកគគ្រេងណាស់ដែរ។គេចង់និយាយថា បទល្មើសព្រៃឈើនៅក្នុង ដែនសមត្ថកិច្ច របស់លោកស៊ិន សត្ថា ប្រធានការិយា ល័យដែនជម្រកសត្វព្រៃកែវសីមាកំពុងធ្វើដំណើរទៅរកភាពរលាយហាន់ហោចក្នុងពេលឆាប់ៗនេះ ស្របពេលដែលលោកឆៅ ប៊ុនធឿន ក៏កំពុងសម្រុកធ្វើផ្ទះឲ្យ បានលឿនរហ័សក្នុងរយៈពេល១ឆ្នាំរាល់ជាស្ថាពរនោះ។

ឆ្លើយតបនឹងបញ្ហារូបភាពនេះ លោកស៊ិន សត្ថា ប្រធានការិយាល័យដែលជម្រកសត្វព្រៃកែវសីមាថ្លែងថា លោកមិនបានឃើញវីដេអូរ ត្រូវគេថតអំពីសកម្មភាពកាប់ឈើនៅតំបន់ណានោះទេ។ ប៉ុន្តែលោកបានបញ្ជូនសំណុំរឿង (ទៅតុលាការ)ច្រើនជាង២០ករណីក្នុង១ ថ្ងៃនេះពាក់ព័ន្ធនឹងការកាប់ឈើនិងឈូសឆាយដីព្រៃ។

សម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា បើគ្មានការបិទភ្នែកបត់ដុំដៃពី មន្ត្រីបរិស្ថានដែលជាដៃជើងរបស់លោកប្រធានដែនជម្រកសត្វព្រៃទេនោះ គឺពិតជាគ្មាននរណាថ្លើមធំហ៊ានចូលព្រៃកាប់ឈើងាយៗយ៉ាងដូច្នេះឡើយ។ សូមបញ្ជាក់ថា បទល្មើសព្រៃឈើមិនមែនដូចបទល្មើសគ្រឿងញៀនដែលគេអាចលាក់ទុកគ្រឿង ញៀន១,២គ្រាប់ក្នុងហោប៉ាវបាននោះឡើយ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299