ខេត្តមណ្ឌលគិរី÷ ប្រជាពលរដ្ឋនិយាយថា សង្វៀនជល់មាន់យ៉ាងហោច ណាស់៣កន្លែងកំពុងញាំញីអង្រួនជីវភាពរស់នៅប្រជា ពលរដ្ឋនៅទីប្រជុំជនប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះយល់ឃើញថា បើគ្មានការបិទភ្នែកបត់ដុំដៃ ពីអាជ្ញាធរមានសមត្ថកិច្ច ពោលគឺមន្ត្រីនគរបាលទេនោះ ពួកគេមិនអាចបើកសង្វៀនជល់មាន់និងលេងល្បែងស៊ីសងគ្រប់ប្រភេទបានតាមអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។ ប្រភពថា មិនត្រឹមតែប៉ុណ្ណោះទេ សមត្ថកិច្ចក៏ជាអ្នកចូលរួមលេងល្បែងជល់មាន់និងល្បែងស៊ីសងនោះដែរ។
ប្រភពខ្សឹបខ្សៀវពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា លោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ក៏ជាអ្នក មាននិស្ស័យលើវិស័យបក្សីកីឡានេះដែរ។ កាលពីថ្ងៃទី ១៦ខែមីនា លោកអភិបាលស្រុកត្រូវគេខ្សឹបតៗគ្នាថាឈ្នះប្រាក់ពីសង្វៀនជល់មាន់ ប្រមាណ៣លានរៀលគ្រាន់បានផឹកស្រាមួយល្ងាចដែរ។ ដោយសារតែលោកអភិបាលស្រុកចូលចិត្តយ៉ាងនេះហើយទើបបានជាមន្ត្រីផ្សេងទៀតរួមលោកតាត់ យ៉េន អធិការស្រុកនិងលោកមេប៉ុស្តិ៍នាំគ្នាដង្ហែរតាមលោកចៅហ្វាយស្រុក។
ជីវភាពប្រជាពលរដ្ឋកាន់តែយ៉ាប់យ៉ឺនព្រោះវក់នឹងល្បែងលក់ខ្ទេចលក់ខ្ទីរ មានតាំងពីបៀរអាប៉ោងចាប់ផ្ដើមលេងពីព្រលប់រហូតដល់ព្រលឹម,រីឯសង្វៀនជល់មាន់លេងមិនស្គាល់សៅរ៍,អាទិត្យទេ សព្វថ្ងៃនេះ។ ប្រជាពលរដ្ឋដែលមិនលេងល្បែងស៊ីសងព្រួយបារម្ភអំពីករណីចោរលួចចោរប្លន់។ ជាពិសេសពាក់ព័ន្ធនឹងសុខសុវត្ថិភាពស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ រីឯមន្ត្រីនគរបាលមិនឃើញមានចំណាត់ការចំពោះអ្នកលេងល្បែងស៊ីសងទាំងនោះទេ។
លោកតាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដា ត្រូវបានអ្នកភូមិនៅតំបន់ប៊ូស្រានិយាយថា បានដឹង,បាន ឃើញ បញ្ហាកំពុងកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនប៉ុន្តែលោកមិនបង្ក្រាបនោះឡើយ។ មួយរយៈចុងក្រោយនេះបញ្ហាល្បែងស៊ីសងនៅតាមផ្ទះ ត្រូវគេកត់សម្គាល់ថា កំពុងពង្វក់អ្នកលេងឲ្យវង្វេងវង្វាន់លក់ខ្ទេចលក់ខ្ទីរ ស្ទើរ តែមិនសល់ឆ្នាំងបាយ។ គេប្រាប់ថា សង្វៀនជល់មាន់មានមេខ្យល់ត្រឹមត្រូវ ក្នុងការលេងល្បែងស៊ីសងនៅក្នុងមូលដ្ឋាននៃតំបន់ប៊ូស្រានេះ។ ពោលគឺមានការធានាសុវត្ថិភាពក៏ ដូចជាមានកន្លែងលក់ឬបញ្ចាំរបស់ទ្រព្យ សម្រាប់យកលុយលេងល្បែងបន្ត។
រីឯសង្វៀនជល់មាន់ក៏ត្រូវគេប្រាប់ដែរថា បានដើរលេងនៅតាមចំការស្វាយចន្ទីរ,ឬចំការកៅស៊ូក្រុមហ៊ុនបារាំងមួយកន្លែងដែលនៅជិតនោះ ។ អ្នកភូមិនៅតំបន់ប៊ូស្រានិងនៅក្បែរខាង ក៏ដូចជាអ្នកខ្លះមកពីទីរួមខេត្តបានទៅ លេងជល់មាន់នៅចំការកៅស៊ូ៊។ ប្រភពរាយការណ៍ថា
មួយរយៈចុងក្រោយនេះដំណើរការនៃការលេងល្បែង ភ្នាល់ជល់មាន់បានកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ។ករណី បង្កើនថ្ងៃជល់មាន់ទំនងដោយសារតែចំនួនអ្នកជល់មាន់ចេះតែកើនឡើង។ ទាំងនេះក៏ព្រោះតែសូម្បីតែចៅហ្វាយ ស្រុកក៏វក់និងល្បែងជល់មាន់ទៅហើយនោះ។
មន្ត្រីមានសមត្ថកិច្ចនៅសាលាស្រុកពេជ្រជ្រាដាមួយរូបនិយាយថា បញ្ហាសង្វៀនមាន់ក៏ដូចជាល្បែងស៊ីសងនៅតាមផ្ទះរបស់អ្នកភូមិក្នុងតំបន់ប៊ូស្រា គេទទួលស្គាល់ថាមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងមួយរយៈចុង ក្រោយនេះ។ ប៉ុន្តែប្រសិនបើគ្មានការត្រូវរ៉ូវពីអាជ្ញាធរមានសមត្ថកិច្ចទីនោះទេ ពួកអ្នកលេងល្បែងទាំងនោះពិតជាមិនអាចដំណើរការបានដោយងាយស្រួលនិងជាចំហរដូចសព្វថ្ងៃនេះឡើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299