សង្គម

អូនពេជ្រថៅកែល្បែងស៊ីសងចល័ត វិលត្រឡប់មកទីតាំងចាស់ម្តុំតារាងបាល់ជិតវត្តនាគវ័ន្តវិញហើយ

ភ្នំពេញ÷ ក្រុមអ្នកមានទ្រព្យសម្បត្តិញៀនល្បែងស៊ីសង គ្មានពេលរកស៊ីតែមានពេលទំនេរពេកនោះ កើតរោគអផ្សុកប្រមូល ផ្ដុំគ្នាលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ដោយមានមេវង់ឈ្មោះអូនពេជ្រ ដែលបានដំណើរការនៅម្ដុំតារាងបាល់ទះ១កន្លែងក្បែរវត្តនាគវ័ន្ត ក្រោយក្លិបM1 សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោករាជធានីភ្នំពេញ ចាប់ផ្ដើមដំណើរការបន្តទៀត ហើយ។ នៅក្នុងវង់ល្បែងដែលគ្រប់គ្រងដោយអូនពេជ្រ គឺមានអតិថិជនកាន់តែច្រើន ចូលលេងដោយមិនខ្វល់អំពីបញ្ហាអសន្តិសុខ ឬប្រឈមនឹងការចាប់ចងរបស់សមត្ថកិច្ចនោះទេ។ អាជ្ញាធរខណ្ឌទួលគោក ស្ងាត់ស្ងៀមល្អណាស់ចំពោះវង់ល្បែងមួយនេះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងប្រុសស្រីច្រើននាក់ ណាត់គ្នាតាមទូរសព្ទ ក្រោមការសម្របសម្រួលពីមេវង់ គឺអូនពេជ្រ ចាប់ផ្ដើមលេងតាំងពីព្រឹករហូតយប់ជ្រៅឬរហូតភ្លឺក៏មាន ដោយលេង ល្បែងដាក់លុយរាប់ពាន់ដុល្លារក្នុង១ដៃៗហើយអ្នកចាញ់ ជូនកាលអស់ខ្ទង់ម៉ឺនដុល្លារក៏មាន។ នៅក្នុងវង់ល្បែងគឺមានសេវាជាច្រើន…ក្រៅពីបាយទឹក,កាហ្វេ…ក៏មានការទទួលបញ្ចាំរបស់ទ្រព្យមានតម្លៃទៀតផង។ អ្វីដែលគួរឲ្យឆាប់អារម្មណ៍បំផុត សម្រាប់អ្នកលេងល្បែងក្នុងវង់ អូនពេជ្រ គឺការធានាបាននៅសន្តិសុខសុវត្ថិភាព ដោយមិនព្រួយបារម្ភអំពីការចាប់ចងអ្វីទេ។ ហេតុដូច្នេះហើយទើប បានជាវង់ល្បែងរបស់អូនពេជ្រ អាចទាក់ទាញអ្នកលេងបានកាន់តែច្រើន។

ប្រភពរាយការណ៍ថា ដោយសារតែមានការចាញ់,ឈ្នះអស់រាប់ម៉ឺនដុល្លារ ទើបធ្វើឲ្យគ្រួសារអ្នកចាញ់ល្បែង សុំអន្តរាគមន៍ទៅរដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់សកម្ម ភាពវង់ល្បែងរបស់អូនពេជ្រនោះ។ ដូច្នេះហើយ ទើបវង់ ល្បែងនៅក្នុងទឹកដីសង្កាត់បឹងកក់ទី២ មួយកន្លែងនេះត្រូវបានដូរទីតាំងមួយរយៈ តាមសំណូមពររបស់អាជ្ញាធររាជធានីភ្នំពេញ។ វាមិនមែនជាចំណាត់ការរបស់អាជ្ញាធរដែនដីខណ្ឌទួលគោកនោះទេ។ ប្រភពសង្ស័យថា មន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់បឹងកក់ទី២ និងរដ្ឋបាលខណ្ឌ ទួលគោក ទំនងជាមានជាប់ជំពាក់នឹងផលប្រយោជន៍ណាមួយ ជាមួយថៅកែវង់ល្បែងឈ្មោះអូនពេជ្រនោះហើយបានជាបាត់មុខមួយរយៈពីមូលដ្ឋានសង្កាត់បឹង កក់ទី២ ហើយត្រឡប់មកវិញដោយប្រមូលបានអ្នក លេងច្រើនជាងមុនទៀតនោះ។

បញ្ហាអសន្តិសុខបង្កឡើងដោយវង់ល្បែង ស៊ីសងគឺជារឿងមួយ ប៉ុន្តែទំនាស់នៅក្នុងគ្រួសារគឺជារឿង១ទៀត ដែលតែងតែកើតមានជារឿយៗ ហើយអ្នកលេងល្បែងខ្លះចាញ់អស់ប្រាក់ ឈានដល់ការគិតខ្លីបញ្ចប់ជីវិតទៀត ផង។ករណីនេះគេមិនដឹងថា តើអាជ្ញាធរខណ្ឌទួលគោកនៅឈរខាងណាឲ្យពិតប្រាកដនោះទេ? ឈរលើច្បាប់ដើម្បីសន្តិសុខក្នុងមូលដ្ឋាន? ឬក៏ឈរនៅខាងអូនពេជ្រថៅកែវង់ល្បែងដើម្បី ផលប្រយោជន៍លាបសក្ការៈណា មួយ? ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា ការមិនបង្ក្រាបល្បែងវង់អូនពេជ គឺជារឿងផលប្រយោជន៍ របស់អាជ្ញាធរមានសមត្ថកិច្ចនៅខណ្ឌ ទួលគោកនោះឯង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299