ពិធីបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាបនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ ២០២៤ ខណៈពិធីប្រកាសបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
ក្នុងទឹកមុខសប្បាយរីករាយ មានភ្ញៀវខ្លះដើរទស្សនាតាមស្តង់ពិព័រណ៍ ចំនួនជាង២៣០ស្តង់ ខ្លះអង្គុយទទួលទានចំណីអាហារនៅតាមបណ្តោយដងស្ទឹង ជាទីតាំងដែលអាជ្ញាធរខេត្តសៀមរាបបានរៀបចំ ដើម្បីទទួលស្វាគមន៍ទេសចរចូលមកកម្សាន្ត ក្នុងឱកាសនៃពិធីបុណ្យទន្លេ លើកទី៨នេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានចាប់ផ្តើមដើរកម្សាន្ត និងបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះពិធីធំៗបែបនេះ ដែលមិនងាយមានរៀបចំឡើយ។
កញ្ញារ៉ាវី អាយុ១៥ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានមកអង្គុយលេងមើលការរៀបចំទីតាំងប្រារព្ធពិធីបុណ្យទន្លេលើកទី៨នេះ បានឱ្យដឹងថា ប្អូនពិតជាសប្បាយ រីករាយយ៉ាងខ្លាំងខណៈពិធីបុណ្យក៏កាន់តែខិតចូលមកដល់ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិក៏ចាប់ផ្តើមដើរកម្សាន្តយ៉ាងសប្បាយរីករាយ។ ចំណែកការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗនៃពិធីបុណ្យទន្លេនេះ កញ្ញាសង្កេតឃើញថា មានភាពស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង មកទស្សនាម្តងហើយចង់មកម្តងទៀត។ កញ្ញាបន្តថា ខេត្តសៀមរាបមានទីកន្លែងកម្សាន្តសប្បាយជាច្រើន បូករួមទាំងប្រាសាទបុរាណរាប់រយផងដែរ ដើម្បីស្វាគមន៍ទេសចរឱ្យមកកម្សាន្តមិនជិនណាយ។
ភ្ញៀវជាតិ និងអន្តរជាតិនឹងមកទស្សនាខេត្តសៀមរាប ដោយសារសៀមរាបមានកន្លែងដើរលេងជាច្រើន ដូចជាអង្គរវត្ត និងប្រាសាទជាច្រើនទៀតដែលមានទស្សនីយភាពស្អាតៗ ហើយអាចជាការថតរូបលេងផងដែរ។ ចំណែកពិធីបុណ្យទន្លេនេះ វាអាចជួយទាក់ទាញភ្ញៀវទេសចរឱ្យចូលមកប្រទេសកម្ពុជា ឬក៏ខេត្តសៀមរាបកាន់តែច្រើន ហើយណាមួយអាចជាវិធីមួយដែលស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរដែលប្រព្រឹត្តនាពេលខាងមុខផងដែរ។
ចំណែកយុវជន ប៉ែន រ៉ាយុ អាយុ១៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបដែរនោះបានឱ្យដឹងថា គ្រាន់តែឃើញការរៀបចំពិធីនាបរិវេណដងស្ទឹងសៀមរាប លោកមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ហើយក៏រំពឹងថា នឹងមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលមកកម្សាន្តក្នុងថ្ងៃប្រារព្ធពិធីបុណ្យ ទន្លនាពេលឆាប់ៗនេះ។ លោកបន្តថា នៅពេលមានពិធីបុណ្យធំៗបែបនេះ ខេត្តសៀមរាបក៏បានបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ និងការអភិវឌ្ឍខេត្តរបស់ខ្លួនទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិឱ្យបានស្គាល់កាន់តែច្បាស់ហើយនឹងអញ្ជើញមកកម្សាន្តឱ្យបានញឹកញាប់។
ទាក់ទាញភ្ញៀវទេសចរបានច្រើន និយាយទៅអ្នកខេត្តផ្សេងៗគេមកអ៊ីចឹងគេថា ខេត្តសៀមរាបសំបូរកម្មវិធីធំ អាចមានមុខមាត់គេថា ខេត្តសៀមរាបមានការអភិវឌ្ឍច្រើន។ និយាយទៅការអនាម័យ ពេលញុំាអីសូមឱ្យគាត់យកទៅដាក់ធុងសំរាមអីផង ដើម្បីពេលចប់ពីហ្នឹងទៅបរិស្ថានយើងស្អាតដែរ។
សូមជម្រាបថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ខេត្តសៀមរាប នេះជាលើកទីមួយហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ធ្វើឱ្យប្រជាពលរដ្ឋ និងបងប្អូនអាជីវករបង្ហាញការគាំទ្រ និងសប្បាយរីករាយជាខ្លាំង នៅពេលមានប្រារព្ធធ្វើពិធីបុណ្យធំៗបែបនេះ ព្រោះមិនត្រឹមតែបង្កលក្ខណៈសប្បាយជូនពលរដ្ឋទាំងក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ ថែមទាំងជួយឱ្យការប្រកបរបរលក់ដូររបស់អាជីវករមានភាពប្រសើរឡើង។ នៅក្នុងព្រឹត្តិការណ៍នេះ តាមរយៈការព្យាករណ៍របស់ក្រសួងទេសចរណ៍ រំពឹងថាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិតមួយលាននាក់ នឹងចូលមកកម្សាន្តសប្បាយ៕