សង្គម

ក្រសួងដាស់តឿនរំលឹកមន្ទីរបរិស្ថានឲ្យទប់ស្កាត់ការកាប់ គាស់,រុករាន,ឆ្ការដុតព្រៃឬឈូសឆាយព្រៃនៅតំបន់ការ ពារធនធានធម្មជាតិ តែខេត្តមណ្ឌលគិរី?

ក្រសួងបរិស្ថានពិនិត្យឃើញថា រយៈពេលចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិបំពាន នឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុងបានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។ សកម្មភាពបែបនេះ កំពុងត្រូវបានទទួលនូវការចាប់អារម្មណ៍ពីក្រសួងបរិស្ថាននៅគ្រាដែលមន្ទីរបរិស្ថានមួយចំនួនហាក់ដូចជាមិនបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់នោះឡើយ។

ថ្មីៗបំផុតនេះលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបង្ហោះរូបភាពអំពីសកម្មភាព មន្ត្រីឧទ្យានុរក្សចុះល្បាតដើម្បីទប់ស្កាត់កាប់រាន,កាត់ឆ្ការឬឈូសឆាយ…។ ប៉ុន្តែរូបភាពនោះ បានបង្ហាញអំពីដើម ឈើដែលដួលរលំថ្មីៗនៅក្រោមជើង របស់មន្ត្រីឧទ្យានុរៈទៅវិញ។ ទំនងជាលោកប្រធានមន្ទីរចង់ប្រាប់ថា ក្រុមមន្ត្រីឧទ្យានុរក្សបានប្រទះឃើញគំនរឈើកាប់ផ្ដួលថ្មីៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពេលចុះល្បាត? បើតាមសេចក្តីរាយការណ៍បន្ថែមថា សកម្មភាពកាប់រុករានដីព្រៃក្នុងដែនជម្រកសត្វព្រៃនានា ខេត្តមណ្ឌលគិរីនៅតែកើត មានជាហូរហែ។

ការកាប់បំផ្លាញព្រៃឈើ ដើម្បីរានយកដីបាននិងកំពុងកើតមាននៅតំបន់អភិរក្សភ្នំណាំលៀ។ បើតាមប្រភពបានរាយការណ៍ឲ្យដឹងថា សកម្មភាពកាប់ទន្រ្ទានដីព្រៃ តំបន់ការពារ(ដែនអភិរក្សបរិស្ថាន)ក្នុងខេត្តមណ្ឌលគិរីកើតឡើងយ៉ាងសកម្ម ដែលផ្ទុយពីច្បាប់ និងការណែនាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ជាក់ស្តែងដែនជម្រកសត្វព្រៃណាំលៀរ តាមខ្សែរក្រវាត់ព្រំដែន និងក្នុងភូមិសាស្រ្តភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា នៅចំណុចអូរតូយនិងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង នៅចំណុចទួលស្វាយ កំពុងកើតមានសកម្មភាពកាប់ដើមឈើផ្ដួលថ្មីៗនិងកាប់រានដីព្រៃ បានកើតមានយ៉ាងស្ងៀមស្ងាត់ ដោយគេមិន ដែលឃើញក្រុមមន្ត្រីមានសមត្ថកិច្ចមន្ទីរបរិស្ថានចុះទៅមើលម្ដងណាទេ។

ទីតាំងខាងលើត្រូវគេប្រាប់ថា ការកាប់បំផ្លាញព្រៃឈើដើម្បីឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ បានកើតជាហូរ ហែក្រោមខ្សែភ្នែកមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី។ វាជាការបូញមាត់បត់ដុំដៃរបស់អស់លោកមន្ត្រីបរិស្ថានហើយនាំគ្នាដើរវាងៗ ទីដែលមានការកាប់បំផ្លាញព្រៃឈើនេះ។ នៅពេលដែលមានបញ្ហាកើតឡើង ពួកគេនិយាយថា មិនបានចុះល្បាតទៅដល់ទីកើតហេតុ នោះទេ។ ដូច្នេះពួកគេមិនដឹងថា មានអ្វីកើតឡើងទេ, ពោលគឺមិនដឹងអំពីការកាប់បំផ្លាញព្រៃនោះឡើយ។ នេះគឺជាសំដីដែលមិនទទួលខុសត្រូវ សូម្បីតែមន្ត្រីបរិស្ថានត្រូវគេសង្ស័យ យកលុយពីអ្នកចូលកាប់ព្រៃរានយកដីនោះក៏ដោយ។ ទាំងនេះគឺជាយុទ្ធសាស្ត្រដែលគេគិតថា អាចនឹងរួចខ្លួនពីការ ទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ចបរិស្ថាន។ តែសំដីគ្រប់ម៉ាត់របស់ពួកមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនមែនសុទ្ធតែត្រូវថ្នាក់ដឹកនាំក្រសួងជឿ ឬស្ថាប័នតុលាការជឿនោះទេ។

អ្វីដែលបាននឹងកំពុងកើតមានឡើង ក្នុងដែនសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីពេលនេះ បង្ហាញឲ្យឃើញ ថា ក្រៅតែពីការដឹកនាំខ្សោយរបស់លោកឆៅ ប៊ុនធឿន ក៏បង្ហាញអំពីភាពពុករលួយ គុបគិតជាមួយពួកឈ្មួញក្នុងការបង្កើតឲ្យមានសកម្មភាពនៃការកាប់បំផ្លាញព្រៃ ឈើដើម្បីយកដីនេះផងដែរ។ មជ្ឍដ្ឋានខ្លះចោទសួរថា តើពួកមន្ត្រីបរិស្ថាន មិនដឹងអំពីបញ្ហាបទល្មើសកាប់រានឈូសឆាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេឬ? ចម្លើយ”ឱ្យដឹងយ៉ាងម៉េច បើពួកមន្ត្រីបរិស្ថានជាអ្នកបិទភ្នែកឲ្យមានបទ ល្មើសកាប់រាន ដីព្រៃក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៅហើយនោះ”។ ករណីនេះគឺជាទម្លាប់របស់ក្រុមមន្ត្រីបរិស្ថាន ដែលរឿងរ៉ាវពុករលួយបែបនេះ កំពុងត្រូវបានយកមកអនុវត្ត ជាយុទ្ធសាស្ត្រដើម្បីស្វែងរកលាបសក្ការៈ។

យ៉ាងណាក៏ដោយគេរំពឹងថា ក្រសួងបរិស្ថាននឹងពិនិត្យ មើលវឌ្ឍនភាពការងារ របស់មន្ទីរបរិស្ថានខេត្តមណ្ឌល គិរីក្រោមការដឹកនាំរបស់លោកឆៅ ប៊ុនធឿន ថាតើមានការកាប់រុករានដីព្រៃដែរឬទេ? ពីព្រោះ បើតាមមើលទិដ្ឋ ភាពជាក់ស្ដែង សកម្មភាពកាប់បំផ្លាញព្រៃឈើដើម្បីប្រែ ក្លាយទៅវាលចម្ការបានកើតមានយ៉ាងសកម្ម ជាពិសេសនៅតំបន់ដែនជម្រកសត្វព្រៃសីមានិងស្រែពក៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299