សង្គម

លោកជឿងជួលអ្នកបើករថយន្តខ្មែរដឹកឈើចេញពីខេត្តមណ្ឌលគិរីតាមច្រកដាក់ដាំឆ្លងទៅប្រទេសវៀតណាម

ខេត្តមណ្ឌលគីរី÷ សកម្មភាពដឹកឈើរបៀបវាយឆ្មក់ បានបន្តកើតមានយ៉ាងស្ងៀមស្ងាត់នៅតាមច្រកព្រំដែនដាក់ដាំ ឆ្លងទៅប្រទេសវៀតណាម។ បើតាមប្រភពបានបន្ថែមថា នៅពីក្រោយបទល្មើសនៃការដឹកឈើឆ្លងដែនទៅប្រទេសវៀតណាមគឺឈ្មួញវៀតណាមម្នាក់ឈ្មោះជឿង ដែលជាអ្នកធ្លាប់ល្បីល្បាញក្នុងរបររកស៊ីឈើនៅខេត្តមណ្ឌលគីរីហើយមន្ត្រីខ្មែរជាច្រើននៅទីនោះ ស្គាល់ឈ្មួញឈើម្នាក់នេះច្បាស់លាស់។ ឥឡូវនេះបើទោះបីជា គេ(ជឿង) មិនចេញមុខក៏ប៉ុន្តែគេដឹងថា អ្នកដែលនៅពីក្រោយនៃការវាយឆ្មក់ម្ដងម្កាលនោះគឺលោកជឿង។

ប្រភពរាយការណ៍ថា សកម្មភាពដឹកឈើតាមរថយន្តធុនត្រាចេញពីតំបន់អភិរក្សនានា ទៅឆ្លងកាត់ក្រុងសែនមនោរម្យចេញតាមច្រកដាក់ដាំ ចូលទៅប្រទេសវៀតណាមដោយសុវត្ថិភាព។ មេឈ្មួញឈើជនជាតិវៀតណាមនេះបានជួលអ្នកបើកបរខ្មែរ ហើយដឹកជញ្ជូនចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅប្រទេសវៀតណាមដោយគ្រាន់តែត្រូវរូវជាមួយមេៗថ្នាក់ដឹកនាំស្ថាប័នធំៗនៅក្នុងខេត្ត។ អ្នកបើកបររថយន្តធុនត្រាស៊ីឈ្នួលដឹក ឈើនោះ មានឈ្មោះណាង និងឈ្មោះផល ដែលជាអ្នកធានាខុសត្រូវ ក្នុងការបើករថយន្តដឹកឈើដោយមិនឲ្យនរណាតាមទាន់នោះឡើយ។

លោកជឿងកាលពីចុងឆ្នាំ២០២៣ឬដើមឆ្នាំ២០២៤ត្រូវគេរាយការណ៍ថា បានជះលុយយ៉ាងហោចណាស់ជាង ១០ម៉ឺនដុល្លារដើម្បីប្រមូលយកឈើដែលនៅសេសសល់ពីដែនជម្រកសត្វព្រៃនានាក្នុងទឹកមណ្ឌលគិរី។ ទំនងជានៅក្នុងភូមិសាស្ត្រទឹកដីខេត្តមណ្ឌលគិរី នៃតំបន់អភិរក្សក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត អស់ព្រៃឈើនោះទើបមានសេចក្តីរាយការណ៍ថាសកម្មភាពកាប់ឈើ ដើម្បីលក់ឲ្យឈ្មួញយួនឈ្មោះជឿង បានចូលដល់តំបន់ស្នូលស្ថិតនៅក្នុងស្រុកកោះញែក។ កាលណោះគេនៅចាំបានថា លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី បានឆ្លើយឆ្លងជាមួយអ្នកកាសែតជាលើក ដំបូងថា ពិតជាមានការកាប់បំផ្លាញនៅតំបន់ស្នូលនោះមែន ប៉ុន្តែកោតតែបីបួនដើមប៉ុណ្ណោះ។

ងាកមកមើលសកម្មភាពនៃការដឹកឈើរបស់ឈ្មួញយួនឈ្មោះ ជឿងឯណេះវិញ ត្រូវប្រភពអះអាងថា មានការឆក់កណ្ដៀតទៅតាមលទ្ធភាពរបស់អ្នកបើកបរ។ មាន ន័យថា លួចបានប៉ុណ្ណា យកប៉ុណ្ណោះ ដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទេ។ យ៉ាងណាក៏ដោយសកម្មភាពលក់
ឆ្មក់នេះមិនបានធ្វើឲ្យ មានការចាប់អារម្មណ៍ជាទូទៅពី សំណាក់មន្ត្រីមានសមត្ថកិច្ច នៅក្នុងខេត្តមណ្ឌលគិរីនោះឡើយ។ ពោលគឺមានតែមេៗស្ថាប័នធំៗក្នុងខេត្ត ក្នុងនោះមានទាំងប្រធានមន្ទីរបរិស្ថានផង តែប៉ុណ្ណោះ ដែលទទួលបានកញ្ចប់លាបសក្ការៈណាមួយពីឈ្មួញឈ្មោះជឿងដោយស្ងាត់ៗ៕