សង្គម

លោកស្រី ឈិន សុគន្ធារី អះអាងថា អាជ្ញាធរខណ្ឌព្រែកព្នៅ ធ្វើរបាយការណ៍កុហក់ថ្នាក់ដឹកនាំ ដើម្បីចេញអនុក្រឹត្យ កាត់ឆ្វៀលដីគាត់២០ហិកតា ឱ្យទៅបុគ្គលផ្សេង!

(ភ្នំពេញ)៖ ទំនាស់ដីធ្លីទំហំជាង ២០ហិកតា ត្រង់ចំណុច”បឹងតាមោក.បឹងកប់ស្រូវ”ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងក្លាយជាប្រធានបទក្ដៅ នៅលើបណ្ដាញសង្គម…! ខណៈភាគីលោកស្រី ឈិន សុគន្ធារី អាយុ៦៩ឆ្នាំ នៅផ្ទះលេខ០៣ ផ្លូវ ៣១៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញបានសម្ដែងការឈឺចាប់ ដោយអះអាងថា ឈ្មោះ ស៊ុយ និមល បានក្លែងឯកសារ«ទិញលក់ដីពីពលរដ្ឋអាស្រ័យផល»ដើម្បីធ្វើជាខែល រួមនិងមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ក្រោម ធ្វើរបាយការណ៍ភូតកុហក់ថ្នាក់ដឹកនាំ រហូតមានការស្នើសុំ ចេញអនុក្រឹត្យ កាត់ឆ្វៀលដីរបស់គាត់ ជាង២០ហិកតា ត្រង់ចំណុចខាងលើ ឱ្យទៅបុគ្គលឈ្មោះ ស៊ុយ និមល..! ជាហេតុនាំឱ្យអ្នកទទួលសិទ្ធឈ្មោះ ស៊ុយ និមល ធ្វើប័ណ្ណកម្មសិទ្ធ(ប្លង់រឹង) បានដោយជោគជ័យ..!។

បច្ចុប្បន្ន គ្រឿងចក្រ កំពុងឈូសឆាយលុបស្រះចិញ្ចឹមត្រី របស់ពលរដ្ឋដែលបានជួលដីពីលោកស្រី ឈិន សុគន្ធារី ទាំងពុំទាន់ផុតកុងត្រា ដោយមានកម្លាំងអាជ្ញាធរការពារគ្រឿងចក្រ យ៉ាងតឹងតែង មិនតែប៉ុណ្ណោះ អាជ្ញាធរ ក៏បានចុះរុះរើផ្ទះសំបែងអ្នកចិញ្ចឹមត្រីចោល រហូតផ្ទុះការរិៈគន់ខ្លាំងក្លា..!!។

រីឯភាគីលោក ស៊ុយ និមល អាយុ៣៨ឆ្នាំ នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញឯនេះវិញ មិនបកស្រាយឡើយ ដោយថា ខ្ញុំសុំពន្យារពេលបំភ្លឺ។

ទាក់ទិនបញ្ហានេះ លោកស្រី ឈិន សុគន្ធារី បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅថ្ងៃទី១០.០៣.២០២៤ថា ដើមចមដំបូង នៅឆ្នាំ១៩៩៧”ក្រុមហ៊ុន ជីនយ៉ាង អែកត្រីខ័លឆឺរ”គឺជាម្ចាស់ដីទំហំជាង៤៧ហិកតា ត្រង់ចំណុចខាងលើ ដោយ”ក្រុមហ៊ុន”បានកាន់កាប់ គ្រប់គ្រងនិងអាស្រ័យផល ជាប់លាប់ តាមរយៈការចិញ្ចឹមសត្វ និងចិញ្ចឹមត្រី ព្រមទាំងមានរោងចក្រ ផលិតចំណីសត្វ ទៀតផង។

ហើយនៅចុងឆ្នាំ២០០៧ ក្រុមហ៊ុន ជីនយ៉ាង អែកត្រីខ័លឆឺរ បានលក់ដី ជាង៤៧ហិកតាខាងលើ មកឱ្យលោកស្រី ដោយបានធ្វើលិខិតផ្ទេរកម្មសិទ្ធ ត្រឹមត្រូវស្របតាមនីតិវិធីច្បាប់នៅអំឡុងដើមឆ្នាំ២០០៨។

លោកស្រី ឈិន សុគន្ធារី បន្តថា ក្រោយទទួលសិទ្ធ ជាម្ចាស់ដីហើយ ខ្លួនបានកាន់កាប់គ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផលរហូត តាមរយៈការជួលដី ឱ្យពលរដ្ឋចិញ្ចឹមត្រី ជារៀងរាល់ឆ្នាំដោយពុំដែលមានទំនាស់អ្វីទេ។

ក្នុងនោះលោកស្រី ក៏ពុំបានដឹងថា រាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានកាត់ឆ្វៀលដី របស់លោកស្រី ត្រង់ចំណុចខាងលើអស់១ផ្នែកទំហំជាង២០ហិកតា ដើម្បីទុកជាសម្បត្តិរដ្ឋ(បឹងតាមោក)នោះឡើយ។ ពោលគឺ លោកស្រី ទើបនឹងដឹង តាមរយៈការជូនដំណឹង របស់អាជ្ញាធរមូលដ្ឋាន។

បន្ទាប់ពីរាជរដ្ឋាភិបាល ចេញអនុក្រឹត្យលេខ ២៦៥.អនក្រ.បក នៅអំឡុង ខែធ្នូ ឆ្នាំ២០២២ ដោយបានកាត់ឆ្វៀលដី ជាង២០ហិកតា ខាងលើ ដែលមានចែងក្នុង អនុក្រឹត្យលេខ ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ពីកម្មសិទ្ធរដ្ឋ(បឹងតាមោក) មកប្រគល់ឱ្យឈ្មោះ ស៊ុយ និមល និងក្លាយជាកម្មសិទ្ធឯកជន។

ក្រោយដឹងរឿងបែបនេះ លោកស្រី ឈិន សុគន្ធារី បានប្ដឹងជំទាស់តវ៉ា ដើម្បីទប់ស្កាត់ កុំឱ្យមន្ត្រីជំនាញ ចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ជូនឈ្មោះ ស៊ុយ និមល ។ ជាក់ស្ដែង លោកស្រី បានប្ដឹងទៅអាជ្ញាធរមូលដ្ឋានផង.មន្ត្រីជំនាញ.ក្រសួងពាក់ព័ន្ធផង រួមនិងស្ថាប័នតុលាការបន្ថែមទៀត ហើយតុលាការ ក៏បានចេញដីកា រក្សាការពារផងដែរ។ ប៉ុន្តែរាល់បណ្ដឹងតវ៉ា របស់លោកស្រី គឺមិនមានប្រសិទ្ធភាព ទាល់តែសោះ ហើយឈ្មោះ ស៊ុយ និមល នៅតែអាចធ្វើប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)បានដូចការគ្រោងទុក ដោយយោងតាម អនុក្រឹត្យលេខ ២៦៥.អនក្រ.បក.ខាងលើ។

លោកស្រី ឈិន សុគន្ធារី បញ្ជាក់ថា បច្ចុប្បន្ន គ្រឿងចក្រ បានឈូសឆាយ លុបស្រះចិញ្ចឹមត្រីជាច្រើន របស់ក្រុមពលរដ្ឋដែលបានជួលដីពីលោកស្រី ទាំងដែលមិនទាន់ផុតកុងត្រា និងពុំទាន់ដល់ពេលប្រមូលផល បណ្ដាលឱ្យអ្នកចិញ្ចឹមត្រី រងការខាតបង់យ៉ាងធ្ងន់ធ្ងរស្របពេលដែល កម្លាំងសមត្ថកិច្ច ចាំការពារគ្រឿងចក្រយ៉ាងទៀងទាត់។ មិនតែប៉ុណ្ណោះ អាជ្ញាធរមូលដ្ឋានថែមទាំងបាន ចុះរុះរើផ្ទះពលរដ្ឋអ្នកចិញ្ចឹមត្រី ចោលទៀតផងជារឿងហួសចិត្តដែលមិនធ្លាប់មាន។

ពាក់ព័ន្ធករណីនេះ លោកស្រី ឈិន សុគន្ធារី នៅតែអះអាងថា ឈ្មោះ ស៊ុយ និមល ក្លែងឯកសារ”ទិញដីពីអ្នកអាស្រ័យផល”ដើម្បីធ្វើជាខែលក្នុងការស្នើទៅរាជរដ្ឋាភិបាល ឱ្យកាត់ឆ្វៀលដីត្រង់ចំណុចខាងលើ មកប្រគល់ឱ្យខ្លួន ទាំងបំពាន។

លោកស្រី ឈិន សុគន្ធារី បន្ថែមទៀតថា មន្ត្រីជំនាញពាក់ព័ន្ធ រួមនិងអាជ្ញាធរមូលដ្ឋាន ធ្វើរបាយការណ៍ភូតកុហក់ថ្នាក់ដឹកនាំ ដោយថា បានចុះពិនិត្យទីតាំងដីជាក់ស្ដែង និងថា ដីនោះឈ្មោះ ស៊ុយ និមល បានទិញពីពលរដ្ឋ អាស្រ័យផល នៅអំឡុងឆ្នាំ២០១៥។

ផ្អែកលើហេតុផលប្រឌិត មិនពិតទាំងនេះហើយ ទើបឈានដល់ ធ្វើសំណើបញ្ជូនទៅរាជរដ្ឋាភិបាល ក្នុងការចេញអនុក្រឹត្យ កាត់ឆ្វៀលដីខាងលើ មកប្រគល់ឱ្យឈ្មោះ ស៊ុយ និមល ទាំងដែលលោកស្រី ឈិន សុគន្ធារី ជាម្ចាស់ដីតាំងពីឆ្នាំ២០០៨ និងកំពុងបន្តអាស្រ័យផលជាក់ស្ដែង។

លោកស្រី ឈិន សុគន្ធារី បញ្ជាក់ទៀតថា ប្រសិនបើមន្ត្រីថ្នាក់ក្រោម មិនធ្វើរបាយការណ៍ភូតកុហក់ដោយចុះពិនិត្យទីតាំងដីជាក់ស្ដែង មុនធ្វើរបាយការណ៍ ជូនថ្នាក់លើមែននោះប្រាកដណាស់ នឹងឃើញសកម្មភាពដែលលោកស្រី កំពុងអាស្រ័យផល តាមរយៈការជួលដី ឱ្យអ្នកចិញ្ចឹមត្រីជាច្រើនគ្រួសារ។

ចំពោះករណីនេះ អ្នកសារព័ត៌មានបានព្យាយាមសុំការបំភ្លឺ ពីលោក ស៊ុយ និមល ភាគីដែលរងការចោទប្រកាន់!។ ប៉ុន្តែ លោកបានបដិសេធមិនបកស្រាយឡើយ ដោយសុំបំភ្លឺនៅពេលក្រោយជំនួសវិញ។

ចំណែកលោក សន ស៊ិន ចៅសង្កាត់គោករកា បានថ្លែងថា រឿងក្លែងឯកសារឬមិនក្លែង លោកពុំបានមិនដឹងទេ សំខាន់គឺលោកអនុវត្តតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល។ ចំពោះសំនួរថា តើនីតិវិធីមុនស្នើសុំអនុក្រឹត្យ អាជ្ញាធរសង្កាត់ បានចុះពិនិត្យទីតាំងដីជាក់ស្ដែងឬទេ..? លោក សន ស៊ិន បានឆ្លើយថា សម័យទំនើប មិនចាំបាច់ចុះពិនិត្យទេ គឺថ្នាក់លើគេវាស់វែង និងគ្រប់គ្រងតាមប្រព័ន្ធ(GPS)។

រីឯលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានបដិសេធមិនបកស្រាយឡើង ព្រោះរវល់ប្រជុំ។ ដោយលោកថា បើចង់ច្បាស់សូមសួរទៅការិយាល័យ ភូមិបាលខណ្ឌព្រែកព្នៅ។

ចំណែកលោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់និងភូមិបាលខណ្ឌព្រែកព្នៅ បានថ្លែងថា រឿងសំណើមិនប្រក្រតី ឬក្លែងឯកសារ អ្វីទាំងនោះ លោកមិនបានដឹងទេ ព្រោះការស្នើសុំ អនុក្រឹត្យកាត់ឆ្វៀល គឺភាគីលោក ស៊ុយ និមល ជាអ្នកស្នើ មិនមែនការិយាល័យភូមិបាលខណ្ឌព្រែកព្នៅ ជាអ្នកស្នើឯណា។

លោក ស៊ូ ស៊ីវុត្ថា បញ្ជាក់ថា កន្លងមកភាគីណាស្នើសុំធ្វើប័ណ្ណ ក៏ខាងលោកមិនធ្វើឱ្យដែរ ប៉ុន្តែចុងក្រោយនេះ អនុក្រឹត្យសម្រេចប្រគល់ឱ្យឈ្មោះ ស៊ុយ និមល ទើបមន្ត្រីជំនាញអនុវត្តតាមអនុក្រឹត្យ។

ចំពោះសំនួរថា តើឈ្មោះ ស៊ុយ និមល យកមូលហេតុអ្វីខ្លះ ដើម្បីសុំអនុក្រឹត្យ..? លោក ស៊ូ ស៊ីវុត្ថា បំភ្លឺថា រាល់នីតិវិធីនៃការស្នើសុំ គឺមិនពាក់ព័ន្ធ និងការិយាល័យភូមិបាលខណ្ឌព្រែកព្នៅ នោះឡើយ ព្រោះដីនោះជាដីរដ្ឋ ក្នុងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ បានថ្លែងថា លោកមិនបានពាក់ព័ន្ធ ក្នុងការស្នើសុំអនុក្រឹត្យកាត់ឆ្វៀល”ដីបឹងតាមោក”នោះឡើយ លោកបញ្ជាក់ថា សំណើគឺខាងសាលារាជធានីភ្នំពេញ ជាអ្នកស្នើ។ លោក សារិន វណ្ណា បន្តថា បច្ចុប្បន្នលោក អនុវត្តតាមតែអនុក្រឹត្យប៉ុណ្ណោះ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញថ្លែងថា រឿងរ៉ាវខាងលើ លោកពុំបានដឹងទេ ក្នុងនោះលោកក៏បានផ្ដាំផ្ញើត្រឡប់មកវិញថា ប្រសិនបើបងប្អូន មានរឿងទំនាស់អ្វីកើតឡើងឬតវ៉ា សូមដាក់ពាក្យ មកសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយជូន។

ទោះជាយ៉ាងណាក៏ដោយ លោកស្រី ឈិន សុគន្ធារី សូមស្នើយ៉ាងទទូចដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តាចាត់មន្ត្រីអធិការកិច្ច ចុះស្រាវជ្រាវ ចំពោះទំនាស់ដីធ្លីខាងលើ ដោយក្ដីអនុគ្រោះ។ ដោយលោកស្រី បញ្ជាក់ថា ឈ្មោះ ស៊ុយ និមល ជាអ្នកក្លែងឯកសារ រីឯអាជ្ញាធរពាក់ព័ន្ធ ធ្វើរបាយការណ៍កុហក់ថ្នាក់ដឹកនាំ ដើម្បីស្នើសុំចេញអនុក្រឹត្យប្រគល់ដីឱ្យឈ្មោះ ស៊ុយ និមល ៕