ក្មេងប្រុសអាយុប្រមាណជាង១ខួបម្នាក់ ត្រូវបានទឹកអូរព្រំដែនកម្ពុជាថៃហូរគួចយកទៅបាត់ ខណៈជីដូនបីឆ្លងព្រំដែនពីប្រទេសថៃមកកម្ពុជា កាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ នៅចំណុចច្រកច័ន្ទគិរី ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
តាមសមត្ថកិច្ចក្មេងរងគ្រោះមានឈ្មោះ បាត់ ភូ ភេទប្រុស អាយុ១ឆ្នាំ៨ខែ បានបាត់ខ្លួនគ្រាដែលជីដូនឈ្មោះ អ៊ុន រ៉ែម អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នាំឆ្លងអូរព្រំដែនពីប្រទេសថៃមកកម្ពុជា តាមច្រកច័ន្ទគិរី ហើយក៏បានរអិលដួលចូលក្នុងទឹកអូរព្រំដែន បណ្តាលឲ្យរបូតចៅប្រុសពីដៃ ចូលក្នុងទឹកអូរបាត់ រហូតមកទល់នឹងថ្ងៃទី៣ តុលានេះ នៅមិនទាន់រកសពឃើញនៅឡើយទេ៕