ខេត្តមណ្ឌលគីរី ៖ ក្រុមមន្ត្រីរាជការ ជុំវិញរដ្ឋបាលខេត្ត មណ្ឌលគិរី បានចោទសួរអំពីបញ្ហាវឌ្ឍនភាព នៃការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ក្រោមការដឹកនាំរបស់លោកឆៅ ប៊ុនធឿន ក្នុងរយៈពេល១ឆ្នាំមកនេះថា តើលោកបានធ្វើអ្វីខ្លះ ដែលគេអាចមើលដោយភ្នែកទទេរឃើញនោះ? ចម្លើយពីក្រុមមន្ត្រីរាជការ នៅក្នុងមន្ទីរបរិស្ថានក៏ដូចជាស្ថាប័នផ្សេងៗទៀតបាននិយាយយ៉ាងខ្លីថាគឺលោកឆៅ ប៊ុនធឿន បានសង់ផ្ទះរួចរាល់ជាស្ថាពរហើយក្នុងរយៈពេល១ឆ្នាំមកនេះ ពោលគឺជាវឌ្ឍនភាពដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោក។ រីឯសមិទ្ធផល រួមនៅក្នុងមន្ទីរគ្មានទេ មានតែការហិនហោច ធនធាន បរិស្ថានក្រោមម្លប់ដឹកនាំរបស់លោក។
រឿងរ៉ាវស្អុយរលួយជាច្រើនករណី បានកើតមានឡើងនៅក្នុងរយៈពេល១ឆ្នាំ ក្រោមការដឹកនាំរបស់លោក ឆៅ ប៊ុនធឿន ដែលគេដឹងថា ពួកមន្ត្រីក្រោមឱវាទគ្មាននរណាយកចិត្តទុកដាក់ស្ដាប់ និងអនុវត្តតាមនោះឡើយ ជា ពិសេសគឺក្រុមមន្ត្រីការងារ ថ្នាក់ប្រធានការិយាល័យដែន ជម្រកសត្វព្រៃ ។ និយាយឱ្យចំលោកប្រធានការិយា ល័យដែនជម្រកសត្វព្រៃភ្នំព្រិច ព្រហ្ម វិបុលរតនៈ តែងតែស៊ីលើលោកប្រធានមន្ទីរជានិច្ច។ រឿងរ៉ាវស្អុយច្រាសខ្យល់ ដែលពួកឈ្មួញរកស៊ីដឹកជញ្ជូនឈើ ពេប ជ្រាយ ចំពោះលោកឆៅ ប៊ុនធឿន នោះគឺ លោកព្រហ្មវិបុលរតនៈ យកលុយពីឈ្មួញដឹកឈើក្នុង១រថយន្ត ៥០០ដុល្លារ (១ករណី)តែសម្រាប់លោក ឆៅ ប៊ុនធឿន យកតែ១ លានរៀលឬ៣០០ដុល្លារប៉ុណ្ណោះហើយលោក រតនៈ ឆ្លើយថា មិនដឹងៗគឺលោកឆៅ ប៊ុនធឿន មិនហ៊ានធ្វើអ្វីកូនចៅនោះឡើយ ពោលគឺឲ្យទៅបានសន្សំប្រាក់កាក់ល្អិតសង់ផ្ទះឲ្យរួចរាល់។
រឿងរ៉ាវនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ប្លែកជាងគេនោះគឺលោកប្រធានដែលវ៉ល់ៗ នឹងការងារពុករលួយជា ច្រើនបានបែកធ្លាយដល់អ្នកកាសែត ហើយមិនដឹងជាធ្វើដូចម្ដេច ក៏ចាត់តាំងឲ្យមានក្រុមការងារអ្នកនាំពាក្យនៅក្នុងមន្ទីរ។ ប្រការនេះគឺជារបៀបរបបការងារ គ្មានទាល់តែសោះ ធ្វើឲ្យក្រុមមន្ត្រីនៅក្រោមរដ្ឋបាលខេត្ត មណ្ឌលគិរីអស់សំណើចជាខ្លាំង។ បើនិយាយឲ្យខ្លី គឺលោកឆៅ ប៊ុនធឿន មិនហ៊ាន ប្រឈមការពិតជាមួយក្រុមអ្នកកាសែតទេ។ អ្វីដែលជាទម្លាប់របស់លោក គឺមិនហ៊ានលើកទូរស័ព្ទអ្នកកាសែតនោះឡើយ។ ហេតុដូច្នេះហើយ បានជាលោក(ឆៅ ប៊ុនធឿន) គឺការបង្កើតឲ្យមានអ្នកនាំពាក្យរបស់មន្ទីរ…។
មហន្តរាយកំពុងកើតមាននៅតំបន់អភិរក្ស ក្រោមការ ដឹកនាំរបស់លោកប្រធានមន្ទីរ ឆៅ ប៊ុនធឿន ស្របពេលដែលលំនៅឋានរបស់លោក បានស្ថាបនារួចរាល់ក្នុង រយៈពេល១ឆ្នាំនៃការកាន់តំណែងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីរបស់លោក។ សកម្មភាព នៃការកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្ស នៅតែបន្តកើតមានជាធម្មតា,រោងសិប្បកម្មនៅតែបន្តមានក្បែរៗ តំបន់អភិរក្សឬនៅក្នុងតំបន់អភិរក្ស និងជាពិសេសការកាប់រានដី ដើម្បីក្លាយទៅជាវាលចម្ការ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេងស្ទើរគ្រប់ដែនអភិរក្ស..។ បីចំណុចខាងលើ កំពុងកើតមានយ៉ាងសកម្ម ដោយគ្មានការទប់ស្កាត់អ្វីទាល់តែ សោះ។ ក្រុមមន្ត្រីនៅក្រោមឱវាទនិយាយថា បើលោកប្រធានមន្ទីរទប់ស្កាត់បញ្ហាទាំងនេះ នោះគឺលោកមិនអាចសង់លំនៅឋានបានឡើយ។
រឿងរ៉ាវច្រើនគគោក ដែលថ្នាក់ដឹកនាំក្រសួងបរិស្ថានលោកបណ្ឌិតអ៊ាង សុផល្លែត ត្រូវចាត់មន្ត្រីចុះពិនិត្យឲ្យ បានដិតដល់។ ពីព្រោះថា ចំណុចអសកម្មបាននឹងកំពុងកើតមានច្រើនផ្នែកក្នុងដែនសមត្ថកិច្ចដឹកនាំរបស់លោកឆៅ ប៊ុនធឿន គួបផ្សំនិងចេតនាប្រឹងសម្រុកសាងសង់លំនៅដ្ឋានឲ្យរួចរាល់នោះ រយៈពេល១ឆ្នាំនៃការដឹកនាំរបស់លោកឆៅ ប៊ុនធឿន គ្មានបានអ្វីជាដុំកំភួន សម្រាប់មន្ទីរបរិស្ថាននោះឡើយ ក្រៅតែពីលំនៅដ្ឋានរបស់លោកបានសង់រួចរាល់ជាស្ថាពរ។ ដូចតាមទម្លាប់ លោកឆៅ ប៊ុនធឿន មិននិយាយនិងខ្ជិលនិយាយជាមួយក្រុមអ្នក កាសែតជាទីបំផុត៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299