សង្គម

មន្ត្រីបរិស្ថានដែនជម្រកការពារសត្វព្រៃលំផាត់រងការចោទពីបុរសពីរនាក់ថា ប្រើកាំភ្លើងបាញ់បណ្ដាលឲ្យពួកគេរងរបួស

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ មានករណីពលរដ្ឋពីរនាក់អះអាងថា ខ្លួនបានរងរបួសជើងដោយគ្រាប់កាំភ្លើង ដែលបណ្តាលមកពីមន្ត្រីបរិស្ថានបាញ់ ហើយបានទៅប្តឹងសមត្ថកិច្ចក្នុងទឹកដីស្រុកអូរគ្រៀងសែនជ័យ ខេត្ត ក្រចេះ។ ក្រោយទទួលរបាយការណ៍នេះសមត្ថកិច្ចខេត្ត ក្រចេះ បានចុះស្រាវជ្រាវទីតាំងកើតហេតុ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចស្រុកកោះញែក ខេត្តមណ្ឌលគិរីទៅវិញ។

ប្រភពព័ត៌មានពីខេត្តក្រចេះដែលអ្នកកាសែតទទួល បាននាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឲ្យដឹងថា មានប្រជាពលរដ្ឋឈ្មោះ វ៉ាញ ម៉ាញ ភេទប្រុស និងឈ្មោះ យឿង បូរី ភេទប្រុស ទាំងពីរនាក់រស់នៅភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានទៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ដើម្បីដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីបរិស្ថាន ដោយពួកគេអះអាងថា មន្ត្រីបរិស្ថានមានបំណងបាញ់សម្លាប់ពួកខ្លួន។ ក្នុងពាក្យបណ្តឹងអ្នកភូមិទាំងពីរនាក់ បានស្នើរសុំដល់សមត្ថកិច្ចជួយរកយុត្តិធម៌ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ឋអនុវត្តទៅតាមផ្លូវច្បាប់។

បើតាមការបំភ្លឺ ឈ្មោះ វ៉ាញ ម៉ាញ និងឈ្មោះ យឿង បូរី បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង៤ទាបភ្លឺពួកគេទាំង២នាក់បានជិះម៉ូតូម្នាក់១គ្រឿង ចេញពីផ្ទះក្នុងភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ទៅលក់សាច់គោនៅភូមិច្រប់ ឃុំក្បាល រមាសស្រុកសេសានខេត្តស្ទឹងត្រែង(ស្រុកអូរគ្រៀងសែន ជ័យ ខេត្តក្រចេះ,ស្រុកកោះញែក ខេត្តមណ្ឌលគិរីនិងស្រុកសេសាន ខេត្តស្ទឹងត្រែង មានព្រំប្រទល់ជាប់គ្នា)។ ពេលជិះទៅដល់ចំនុចអូរកាំពី ពួកគេបានជួបមនុស្ស៣ នាក់ ក្នុងនោះពីរនាក់ស្លៀកខោខ្លី ដោះអាវ ស្ពាយកាំភ្លើង សេកាសេ ម្នាក់១ដើម និងម្នាក់ទៀតឈរបញ្ចាំងគោមពីចំងាយ ។

ឃើញដូច្នេះពួកគេបានបន្តធ្វើដំណើរទៅមុខ ស្រាប់តែត្រូវមនុស្ស២នាក់ដែលស្ពាយកាំភ្លើងបានបាញ់ ដោយមិនសួរនាំអ្វីសោះ។ ភ្លាមនោះពួកគេទាំង២នាក់ ភ័យពេកក៏ជិះម៉ូតូគេចចេញសំដៅទៅរកគ្រូពេទ្យ ដើម្បីព្យាបាលរបួស ដែលមនុស្សពីរនាក់កាន់កាំភ្លើងនោះបាញ់ចំកែងបាតជើងខាងឆ្វេងរបស់ឈ្មោះ វ៉ាញ ម៉ាញ។

ជុំវិញករណីខាងលើនេះ តាមប្រភពព័ត៌មានពីខាងខេត្ត មណ្ឌលគិរីឯណេះវិញបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ២០២៤ វេលាម៉ោង ៤ និង ៣០នាទីទាបភ្លឺក្រុម ការងារបរិស្ថានប្រចាំនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្ត មណ្ឌលគិរី ក្រោមការ ដឹកនាំរបស់លោកញឹម វណ្ណៈ បានចុះប្រតិបត្តិការល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធន ធានធម្មជាតិ នៅត្រង់ ចំណុច លើទួលជិតអូរអញ្ចេក និយាមកាលេខ ៦៦៧៥៥០, ១៤៥៨៤០៤ ក្នុងតំបន់ អភិរក្សដែនជម្រកសត្វព្រៃលំផាត់ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រទះឃើញជនសង្ស័យ ២នាក់ ភេទប្រុស ជិះម៉ូតូ២គ្រឿង។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងហេតុការណ៍មួយមានម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខសម្គាល់១គ្រឿង ដឹកសាច់សត្វពេញ១ការ៉ុង និងម៉ូតូ១គ្រឿងទៀត មិនស្គាល់ម៉ាក ជិះមើលផ្លូវមុននិងរត់ ការ។ ប្រភពបន្តថា ដោយមានការសង្ស័យអាចជាក្រុមប្រមូលទិញសត្វព្រៃគ្រប់ប្រភេទនិងដឹកជញ្ជូនសាច់ សត្វព្រៃយកទៅលក់បន្ត។ ពេលនោះក្រុមការងារជំនាញបរិស្ថាន បានឃាត់និងហៅជនសង្ស័យខាងលើឲ្យឈប់ដើម្បីត្រួត ពិនិត្យបទល្មើសធនធានធម្មជាតិ ប៉ុន្តែជន សង្ស័យទាំង២នាក់នោះ មិនព្រមឈប់ តាមបទបញ្ជារបស់ក្រុមការងារឡើយ ។ ថែមទាំងបន្ថែមល្បឿនកាន់ តែខ្លាំងបន្ថែមទៀត  ។

ប្រភពព័ត៌មានបញ្ជាក់ថា ក្នុងពេលប្រតិបត្តិការដោយដោយក្រុមមន្ត្រីបរិស្ថានក្នុងពេលយប់ងងឹត និងប្រញ៉ាប់ប្រញ៉ាល់ រត់ចេញពីកន្លែងពួនស្ទាក់ (ក្នុងអូរ) ស្ទុះឡើងទៅឃាត់ហៅ ជនសង្ស័យខាងលើដើម្បីត្រួតពិនិត្យបទ ល្មើសធនធានធម្មជាតិ ពេលនោះក្រុមការងារបរិស្ថាន បានធ្វើឲ្យប៉ះចំសោបិទបើក នាំឲ្យរៀលកៃផ្ទុះអាវុធ១ គ្រាប់ទៅផ្ទុបដីដោយអចេតនា ។

ករណីនេះសមត្ថកិច្ចស្រុកកោះញែក ព្យាយាមលាក់អត្ត សញ្ញាណ ជនដែលធ្វើឲ្យផ្ទុះអាវុធរបួសបុរសម្នាក់នោះ និងជាក់ស្ដែងបានអះអាងថាជាការរៀលកៃកាំភ្លើងដែលតាមពិតគឺជាការប៉ុនប៉ងផ្ដាច់ផ្ដល់ជីវិតបុរសពីរនាក់មកពីខេត្តក្រចេះនោះ។ នេះគឺជាអំណាច របស់ពួកមន្ត្រីបរិស្ថានដែលស្ពាយកាំភ្លើងស្វែងរកលាបសក្ការៈ ពេល យប់ក្រោមការចាត់ចែងរបស់លោកញឹម វណ្ណៈ ក្នុង ទឹកដីដែនជម្រកសត្វព្រៃលំផាត់។ កាំភ្លើងឯណារៀលកៃ ងាយៗយ៉ាងនេះនោះ។

ករណីខាងលើនេះតាមការបញ្ជាក់របស់លោកអធិការនគរបាលស្រុកកោះញែក នាព្រឹកថ្ងៃទី០៦ មីនា ២០២៤ បានឲ្យដឹងថា កំពុងចុះស៊ើបអង្កេតបន្ថែម តែដោយ ស្ថានភាពភូមិសាស្ត្រទីកើតហេតុនៅឆ្ងាយ គេមិនទាន់ដឹងអំពីព័ត៌មានលម្អិតទេ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299