អ្នកជំនាញផ្នែកហិរញ្ញវត្ថុបង្ហាញថា ក្រុមហ៊ុន Meta ខាតបង់ប្រហែល១០០ លានដុល្លារក្នុងអំឡុងពេលមានបញ្ហាពីរម៉ោង ដែលបណ្តាលឱ្យ ហ្វេសប៊ុក (Facebook), អ៊ីនស្តាក្រាម (Instagram) និង ម៉េសសេនជើ (Messenger) គាំង កាលពីយប់ម្សិលមិញនេះ។
អ្នកគ្រប់គ្រងនៅ Wedbush Securities លោក Dan Ives បានឲ្យដឹងថា ការគាំងហ្វេសប៊ុកកាលពីយប់មិញអស់ពេល២ម៉ោងធ្វើឲ្យ ស្ថាបនិកក្រុមហ៊ុនMeta លោក Mark Zuckerberg បានខាតបង់លុយប្រមាណជា១០០លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុន Meta បង្កើតប្រាក់ចំណូលភាគច្រើនរបស់ខ្លួនតាមរយៈការផ្សាយពាណិជ្ជកម្ម ដែលត្រូវបានបង្ហាញដល់អ្នកប្រើប្រាស់ ហើយ បញ្ហាបច្ចេកទេសនេះបានទម្លាក់ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះផងដែរ។
បើតាមអ្នកនាំពាក្យរបស់ Meta លោក Andy Stone បានឱ្យដឹងថា ការគាំងបណ្តាញសង្គមរបស់ Meta កាលពីយប់មិញនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេស។ លោកបានបង្ហោះសារថា៖«ដោយសារបញ្ហាបច្ចេកទេសបានធ្វើឲ្យមនុស្សពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។ យើងបានដោះស្រាយបញ្ហាឱ្យបានលឿនតាមដែលអាចធ្វើទៅបានសម្រាប់អ្នកទាំងគ្នាដែលរងផលប៉ះពាល់ យើងសូមអភ័យទោសចំពោះការរអាក់រអួលណាមួយ»។
បន្ទាប់ពីមានការគាំងបណ្តាញសង្គម Facebook Messenger និង Instagram អស់រយៈពេលជាង២ម៉ោងនេះ ហ្វេសប៊ុកក៏បានចេញសារសុំទោសអ្នកប្រើប្រាស់ ដោយថា៖«យើងត្រលប់មកវិញហើយ សុំទោសចំពោះអ្នកប្រើប្រាស់ដែលមិនអាចចូល Facebook នៅថ្ងៃនេះ»៕