សង្គម

អាជ្ញាធរខណ្ឌដូនពេញថា ស៊ីក្លូដែលប្រជាការពារលើកដាក់លើឡាន គឺដោយសារទុកចោលមិនឃើញម្ចាស់មកយក

ក្រោយ​ពីមានការរិះគន់នៅលើបណ្តាញសង្គមចំពោះសកម្មភាពប្រជាការពារខណ្ឌដូនពេញ​ លើក​យកស៊ីក្លូដាក់នៅលើ​ឡានកាលពីពេលថ្មីៗនេះ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានប្រកាសថា ស៊ីក្លូដែលប្រជាការពារលើកទៅរក្សាទុកនោះ ដោយសារទុកចោលមិនឃើញម្ចាស់មកយកប៉ុន្មានថ្ងៃមកហើយ។

លោក ចាប ឌីណា បានឱ្យដឹងដូចនេះបន្ទាប់ពីមានការចែកចាយវីដេអូតាមបណ្តាញសង្គម ផ្សព្វផ្សាយពីប្រជាការពារលើកស៊ីក្លូដាក់លើរថយន្តនៅត្រង់ចំណុចផ្លូវ១១០ កែងផ្លូវ១៥ (ផ្សារចាស់) ហើយមានមតិរិះគន់ជាច្រើន។ លោកថា «ស៊ីក្លូដែលប្រជាការពារលើកទៅរក្សាទុកនោះ គឺជាស៊ីក្លូដែលប្រជាពលរដ្ឋផ្តល់ព័ត៌មានថាមិនឃើញម្ចាស់ពីរបីថ្ងៃហើយ»។

លោកបានលើកឡើងឱ្យដឹងទៀតថា ដើម្បីរក្សាស៊ីក្លូ និងចង់ដឹងពីសុវត្ថិភាពម្ចាស់ស៊ីក្លូ ទើបរដ្ឋបាលខណ្ឌសម្រេចចិត្តយកទៅរក្សាទុករង់ចាំម្ចាស់មកទទួល ខណៈហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយនៅល្ងាចថ្ងៃទី២៤ ដដែលម្ចាស់ស៊ីក្លូបានមកទទួលយកទៅវិញហើយ។

ទន្ទឹមនេះដែរ ប្រធានក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោក គួច វែងស្រ៊ុន បានលើកឡើងដែរថា វីដេអូខ្លីខាង ត្រូវបានផេកមួយយកមកចែកចាយ ដោយសរសេរ គ្មានការបកស្រាយ ឬសួររកមូលហេតុអ្វីបានប្រជាការពារលើកស៊ីក្លូដាក់ឡានយកទៅខណ្ឌនោះទេ ហើយមហាជនបានចូលទៅខំមិន ហើយជេរ ឬរិះគន់យ៉ាងចាស់ដៃដល់អាជ្ញាធរ។

លោក គួច វែងស្រ៊ុន បានស្នើដល់សាធារណជន កុំវាយតម្លៃលើការផ្សព្វផ្សាយដោយគ្រាន់តែ ឃើញវីដេអូខ្លីមួយជ្រុង ពិសេសចោទប្រកាន់ផ្សេងៗ៕