សង្គម

ប្រធានមន្ទីរធម្មការថា វីឡាកុដិនៅវត្តគិរីសាលវ័ន ហៅវត្តថ្មី ក្នុងខេត្តកំពង់ចាមពុំមានការសុំអនុញ្ញាតសាងសង់ត្រឹមត្រូវឡើយ

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម លោក រ៉េត សារ៉ាត បានឱ្យ​ដឹងថា ការកសាងកុដិវីឡាដ៏ស្កឹមស្កៃដែលស្ថិតនៅក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មី ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បង្កឱ្យមានការភ្ញាក់ផ្អើល និងរិះគន់ថាសាងសង់ខុសពីទម្រង់រចនាបថខ្មែរនោះ គឺខាងចៅអធិការវត្តមិនបានសុំការអនុញ្ញាតសាងសង់ត្រឹមត្រូវឡើយ។

បើតាមលោក រ៉េត សារ៉ាត វីឡាកុដិមួយនេះទើបតែដាក់ឱ្យប្រើប្រាស់ និងធ្វើបុណ្យឆ្លង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីសាងសង់អស់រយៈពេល ៦ឆ្នាំ ពោល​គឺតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានថ្លែងថា បើមើលតាមទិដ្ឋភាពជាក់ស្តែង កុដិមួយនេះ គឺខុសពីរចនាបថខ្មែរ ដោយបានសង់តាមបែបទំនើបបស្ចិមប្រទេស ប៉ុន្តែខាងក្នុងលោករៀបចំតាមបែបព្រះពុទ្ធសាសនា។

យ៉ាងណាក៏ដោយ លោក សារ៉ាត អះអាងថា លោកបាននិមន្តព្រះចៅអធិការវត្ត ព្រះគ្រូលោកគុណ ព្រះមេគុណ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់មកចូលរួមប្រជុំអំពីបញ្ហានេះហើយ ហើយវិធានការយ៉ាងណាបន្ទាប់ទៀត លោក​នឹងបញ្ជាក់តាមក្រោយ បន្ទាប់ពីប្រជុំចប់៕