ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យស្ថាប័នរបស់រដ្ឋរួមគ្នាធ្វើសកម្មភាពឱ្យផុលផុសពាក់ព័ន្ធនឹងវប្បធម៌ជាតិ ចាប់ពីខែមីនា រហូតដល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ជាតិ។ ការជំរុញនេះធ្វើឡើងតាមរយៈសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤។
នៅក្នុងសារាចរនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ ការពារសម្បត្តិវប្បធម៌ខ្មែរបន្សល់ទុកមកដល់អ្នកជំនាន់ក្រោយ។
បើតាមប្រមុខរដ្ឋាភិបាល ទិវាវប្បធម៌ជាតិ ក៏ជាឱកាសបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលធ្វើឡើងនៅក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។
មានសកម្មភាពជាច្រើនដែលត្រូវបានដាក់ចេញដោយសម្តេច ហ៊ុន ម៉ាណែត ដើម្បីឱ្យក្រសួងស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ អនុវត្តន៍តាមនោះ គឺការរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦ ទាំងនៅទីតាំងផ្ទាល់ និងនៅលើបណ្តាញសង្គមទៅតាមពេលវេលាសមរម្យចាប់ពីថ្ងៃទី៣មីនាដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
ក្រសួងវប្បធម៌ ត្រូវរៀបចំផ្សព្វផ្សាយការងារសំខាន់ៗ ពាក់ព័ន្ធការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌ រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវាវប្បធម៌ជាតិនៅមូលដ្ឋានរបស់ខ្លួន។
រីឯក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។
ដោយឡែកក្រសួងអប់រំ និងក្រសួងវប្បធម៌ ត្រូវសហការផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញ នូវប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំទាំងរដ្ឋ និងឯកជន។
លើសពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ប្រាប់ទៅក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិង អន្តរជាតិតាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ ពិសេសស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»៕