ក្រសួងធនធានទឹកនិងឧតុនិយម បានព្រមានពីការបន្តឡើងកម្ដៅសីតុណ្ហភាព នៅរវាងខែមីនាដល់ដើមខែឧសភាឆ្នាំ២០២៤។ បើតាមក្រសួងធនធានទឹក ការឡើងកម្ដៅនេះ ដោយសារកម្ពុជាបន្តរងបាតុភូតសកលអែលនីណូ(EI Nino)ខ្ពស់ជាង៧០ភាគរយ ចាប់ពីខែមីនាដល់ខែមេសា ហើយចាប់ពីខែឧសភាទៅបាតុភូតនេះនឹងថយចុះ២០ភាគរយ។
បាតុភូត EI Ninoធ្វើខ្យល់ក្តៅ ទឹកក្តៅ បង្កឱ្យមានមហន្តរាយធម្មជាតិ និងផលវិបាកអាកាសធាតុខ្លាំង ដូចជាបានបង្កើនកម្តៅនៃភពផែនដី និងធ្វើឱ្យមានការប្រែបួលអាកាសធាតុខ្លាំងនៅតាមតំបន់ជាច្រើនមិនចំពោះតែកម្ពុជា។ ផលវិបាកនៃបាតុភូតអែលនីញ៉ូ នឹងធ្វើឱ្យមាន ភ្លៀងព្យុះកំណាច រាំងស្ងួតចម្លែក ប្តូររដូវ ប្តូរទម្លាប់អាកាសធាតុ។ កន្លែងខ្លះមានភ្លៀងច្រើនជ្រុល កន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំង។
ឈរលើស្ថានភាពនេះ សម្រាប់រដូវប្រាំងក្នុងឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាប្រឈមនឹងអាកាសធាតុក្ដៅហើយស្ងួតនាំឲ្យភ្លៀងកក់ខែធ្លាក់តិតជាងឆ្នាំ២០២៣ ។
នៅចំពោះមុខសីតុណ្ហភាពឡើងកំដៅដូច្នេះ ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវទៅអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាជនបទដែលនៅឆ្ងាយពីប្រភពទឹក។ បើតាមក្រសួងធនធានទឹក អាកាសធាតុក្ដៅហើយស្ងួតនេះនាំឲ្យកើតមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ទ្រាក់ ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា៕