ខេត្តរតនគិរី៖ ករណីឃាតកម្មកាប់សម្លាប់បានកើតឡើងកាលពីវេលលម៉ោង៩និង៣០នាទីយប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យបានធ្វើ សកម្មភាពយកពូថៅកាប់ ទៅលើជនរងគ្រោះជាប្តីនិង ប្រពន្ធបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា ករណីឃាតកម្មសម្លាប់២នាក់ប្តីប្រពន្ធ បានកើតឡើងដោយប្រើពូថៅនៅស្រុកកូនមុំនោះ ជនដៃដល់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានឱ្យដឹងថា ជន សង្ស័យជាប្អូនប្រុសបង្កើតស្រ្តីរងគ្រោះ។ ជនសង្ស័យក្រោយពីធ្វើសកម្មភាពសម្លាប់បងបង្កើត និងបងថ្លៃរួច បានជិះម៉ូតូគេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា មូលហេតុគឺមានទំនាស់ក្នុងគ្រួសារ។
បើតាមលោកឧត្តមសេនីយ៍ស្នងការរង, ជនដៃដល់ត្រូវបានកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុក និងនគរបាលមូលដ្ឋាន ស្រាវជ្រាវរហូតដល់វេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំន២០២៤ ទើបចាប់ខ្លួនបាន នៅចំណុចអូរកញ្ជាន់ ឃុំតឺន ស្រុកកូនមុំ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបំពេញបែបបទសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានឱ្យដឹងថា ជន រងគ្រោះទាំង២នាក់រួមមាន៖ ទី១៖ ឈ្មោះ ហាន ហន អាយុ៦១ឆ្នាំ មុខរបរកសិករស្លាប់កន្លែងកើតហេតុ និងទី២៖ ឈ្មោះ ណែម សុខជា អាយុ៥៧ឆ្នាំ មុខរបរកសិករ (ប្រពន្ធ) ស្លាប់កន្លែងកើតហេតុ។ អ្នកទាំង២ មានទី លំនៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី៕