បុណ្យទន្លេលើកទី៨ ឆ្នាំនេះធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងក្រុងសៀមរាប ដោយមានកម្មវិធីជាច្រើនសម្រាប់ទទួលភ្ញៀវទេសជាតិ និងអន្តរជាតិដែលមកទស្សនាកម្សាន្ត។
បុណ្យទន្លេឆ្នាំ២០២៤នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ នៅក្នុងព្រឹត្តិការណ៍ជាតិនេះនឹងមានកម្មវិធីកម្សាន្តសប្បាយៗដូចជា ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីសិប្បករ សិប្បការិនីជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាបឆ្នាំ២០២៤។
រួមជាមួយនឹងការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។
ព្រឹត្តិករណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងកំណើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេ ព្រមទាំងជួយជំរុញការផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់ទន្លេមេគង្គ។
គួរជម្រាបថា បុណ្យទន្លេ ជាព្រឹត្តិការណ៍ទេសចរណ៍ដែលតែងតែប្រារព្ធឡើងនៅក្នុងខេត្តជាប់ដងទន្លេមេគង្គកម្ពុជា ដោយចាប់ផ្តើមប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១៥៕