អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ឧបករណ៍នេសាទដែលត្រូវថតបាន គឺឧបករណ៍នេសាទស្របតាមច្បាប់ ប្រសិនបើប្រជានេសាទ ដាក់ក្រឡាអួនមានទំហំ និងមានប្រវែងតាមច្បាប់កំណត់ ខណៈរដ្ឋបាលជលផលតែងចុះល្បាត ជាប្រចាំដើម្បីត្រួតពិនិត្យទំហំក្រឡានិងប្រវែងរបស់សាច់អួននេះ។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា រូបថតដែលកំពុងផ្សព្វផ្សាយ និងជាការចាប់អារម្មណ៍អំពីសាធារណជននោះគឺស្ថិតនៅក្នុងភូមិផាត់សណ្តាយ នៃខេត្តកំពង់ធំ ដោយកញ្ញាស្នើឱ្យសាធារណជនគួរតែពិចារណា មុននឹងជឿលើរូបភាពហើយក្រសួងនឹងព្យាយាម ផ្ទៀងផ្ទាត់ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែម។
កញ្ញាថា «ជួនកាលចំពោះឧបករណ៍នេសាទប្រភេទនេះ នៅលើផ្ទៃបឹងយើងឃើញថាមានបង្គោល រូបព្រួញនៅឡើយទេ ប៉ុន្តែខាងក្រោយរបាំងអួនត្រូវគេកាប់បំផ្លាញចោលអស់ហើយ យកទៅដុតចោលអស់ហើយ ហើយនេះក៏ជាករណីមួយដែរ សម្រាប់សាធារណជនគួរតែពិចារណា មុននឹងជឿលើរូបភាព ហើយក្រសួងនឹងព្យាយាម ផ្ទៀងផ្ទាត់ឱ្យបានឆាប់រហ័ស ហើយនឹងផ្តល់ព៍ត៌មានលម្អិតជូនជាបន្តបន្ទាប់»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្មបានចុះទៅដល់តំបន់ដែលត្រូវថតបានពីលើអាកាស និងផ្សព្វផ្សាយតៗគ្នានោះ ដើម្បីផ្ទៀងផ្ទាត់គ្នាមើលថាតើ រូបដែលបានចែករំលែកលើបណ្តាញសង្គមនោះ ដូចគ្នានឹងស្ថានភាពជាក់ស្តែងនៅទីតាំងមែន ឬយ៉ាងណា។ ក្នុងករណីដែលផ្ទៀងផ្ទាត់ទៅឃើញដូចគ្នា ក្រសួងនឹងពិនិត្យមើលទៀតថា តើស្ថានភាពនេសាទនៅតំបន់នោះមានប៉ះពាល់ទៅដល់ចរាចរណ៍របស់ត្រីឬទេ ហើយគោរពទៅតាមច្បាប់ក្នុងការដាក់ឧបករណ៍នេសាទឬយ៉ាងណា។
កញ្ញាបានបញ្ជាក់ទៀតថា ក្រសួងកសិកម្ម មិនមែនចុះពិនិត្យមើលនៅពេលមានបញ្ហា ឬពេលមានប្រតិកម្មផ្ទុះឡើងលើបណ្តាញសង្គមនោះទេ ក្រសួងមានមន្រ្តីជលផល មន្រ្តីជំនាញ ហើយនិងកងកម្លាំងចម្រុះ និងការចូលរួមពីអាជ្ញាធរខេត្ត ប៉ុស្តិ៍ល្បាតនៅលើបឹងទន្លេសាបផ្ទាល់ តាមបណ្តាខេត្តមួយៗ ដើម្បីត្រួតពិនិត្យទៅលើឧបករណ៍នេសាទទាំងឡាយដែលបានដាក់ពង្រាយនៅលើផ្ទៃបឹងទន្លេសាប និងតាមតំបន់មួយចំនួនទៀតដែលមានប្រជាពលរដ្ឋរស់នៅច្រើនកុះករ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា គូសបញ្ជាក់ថា ការធ្វើនេសាទខុសច្បាប់ ប្រើប្រាស់ឧបករណ៍នេសាទលើសប្រវែង និងលើសទំហំដែលច្បាប់កំណត់ មិនត្រូវបានអនុញ្ញាតនោះឡើយ ពិសេសចំពោះការធ្វើអាជីវកម្មទ្រង់ទ្រាយធំដែលខុសច្បាប់នោះគឺរឹតតែមិនអនុញ្ញាតថែមទៀត៕